(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានអំពាវនាវដល់សមាគម និងក្រុមហ៊ុនបរទេស ធ្វើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់ខ្លួន ដោយយកគំរូតាមស្រាសំប៉ាញ «Champagne» បារាំង ដើម្បីទទួលបានការគាំពារផ្លូវច្បាប់ ដោយសារតែកម្ពុជា គឺជាសមាជិកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលមានទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន សម្រាប់ការពារទាំងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា និងបរទេស។
ការអំពាវរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីប្រកាសទទួលស្គាល់ស្រាសំប៉ាញ របស់គណៈកម្មការអន្តរអាជីពនៃស្រាសំប៉ាញ ('CIVC') ប្រទេសបារាំង ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបរទេសដំបូងគេនៅកម្ពុជា ដែលរៀបចំឡើងនៅស្ថានទូតបារាំង នៅរាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ក្រោមវត្តមានចូលរួមពីលោកស្រី Eva Nguyen ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា រួមជាមួយភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងពាណិជ្ជករជាច្រើនរូប។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកកិច្ចឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យកម្មសិទ្ធិបញ្ញាជាតិ តាមរយៈការខិតខំពង្រឹងអនុវត្តច្បាប់ ការបណ្តុះបណ្តាល និងបញ្ជ្រាបកម្មសិទ្ធិបញ្ញាទៅក្នុងកម្មវិធីអប់រំ ការរៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក និងការចូលរួមកិច្ចព្រៀមព្រៀងអន្តរជាតិសំខាន់ៗ ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង និងបានស្នើសុំលោកស្រីឯកអគ្គរដ្ឋទូត និងពាណិជ្ជករបារាំង បន្តធ្វើធុរកិច្ច និងវិនិយោគថែមទៀតនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ ជាពិសេសចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថាស្រាសំប៉ាញ គឺជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដ៏ល្បីរបស់ប្រទេសបារាំង ដែលបង្កើតឡើងដោយតភ្ជាប់កត្តាធម្មជាតិ និងប្រពៃណីរបស់ជនជាតិបារាំង។ ស្រានេះ ត្រូវបានទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅក្នុងឆ្នាំ២០១៥ ដោយអង្គការ UNESCO និងបានចុះបញ្ជីការពារម៉ាកនៅក្នុងប្រទេសចំនួន ១១៧ ហើយតាមរយៈការធ្វើពាណិជ្ជកម្ម ស្រានេះបានផ្តល់នូវប្រាក់ចំណូលប្រចាំឆ្នាំប្រមាណជាង ៥ពាន់លានអឺរ៉ូ ដល់ប្រជាជន និងប្រទេសបារាំង៕