(ភ្នំពេញ)៖ តាមការគ្រោងទុកនៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងធ្វើពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសហភាពមីយ៉ាន់ម៉ា។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ ហ៊ុន សែន និងលោកស្រី អោង សានស៊ូជី នឹងជួបពិភាក្សាការងារមួយចំនួនផងដែរ។ សូមបញ្ជាក់ថា លោក អោង សានស៊ូជី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកស្រីនៅក្នុងប្រទេសកម្ពុជាក្រោយពេលគណបក្សរបស់លោកឈ្នះការបោះឆ្នោតកាលពីឆ្នាំ២០១៥ ហើយលោកស្រីបានចាប់ផ្តើមចូលកាន់ការងារបម្រើរដ្ឋការមីយ៉ាន់ម៉ាជាផ្លូវការកាលពីឆ្នាំ២០១៦។
មុននឹងអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកនេះ លោកស្រីបានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅមណ្ឌបព្រះបរមរូបផងដែរ។
តាមការគ្រោងទុកក្រោយពេលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន ហើយនោះ លោកស្រី អោង សានស៊ូជី នឹងអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ នៅពេលរសៀលថ្ងៃដដែលនេះ លោកស្រី នឹងអញ្ជើញជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បន្ទាប់មកលោកស្រីទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហនុ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ នៅព្រះបរមរាជវាំង។
នៅរាត្រីថ្ងៃនេះ ក៏មានការរៀបចំពិធីលាងសាយភោជទទួលដំណើរទស្សនកិច្ចរបស់លោកស្រីនៅលើទឹកដីកម្ពុជា ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ផងដែរ។
ប្រាសាទអង្គរវត្តដែលជារតនសម្បត្តិដ៏ល្បាញល្បីរបស់កម្ពុជា ក៏ជាទីកន្លែងដែលអន្ទងដួងចិត្តលោកស្រី អោង សានស៊ូជី នៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូងនៅកម្ពុជានេះផងដែរ។ លោកស្រី អោង សានស៊ូជី នឹងអញ្ជើញទៅទស្សនាប្រាង្គប្រាសាទអង្គរក្នុងខេត្តសៀមរាប នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។ ក្រោយទស្សនាប្រាសាទអង្គរលោកស្រី នឹងហោះចាកចេញពីកម្ពុជាទៅកាន់ប្រទេសរបស់លោកស្រីវិញក្នុងថ្ងៃដដែលនោះផងដែរ។
ដំណើរទស្សនកិច្ចរបស់លោកស្រី អោង សានស៊ូជី នៅក្នុងប្រទេសកម្ពុជានាពេលនេះ ត្រូវបានគេមើលឃើញថា ជាការរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងមីយ៉ាន់ម៉ាកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕