(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយក្រុមការងារ និងសហការីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅចុងសប្តាហ៍កន្លងមកនេះ បានចុះត្រួតពិនិត្យលទ្ធផលចាក់ដីបំពេញទីធ្លា សាលាបឋមសិក្សាកែវមុនី ស្ថិតក្នុងភូមិ ដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលទីធ្លាចាក់ដីនេះ គឺជាការស្នើសុំរបស់លោកនាយកសាលាផ្ទាល់តែម្តង។
ដោយពិនិត្យឃើញស្ថានភាពជាក់ស្តែង បើទោះបីជាទីធ្លាសាលា បានចាក់ដីបំពេញតាមសំណូមពររួចរាល់ហើយក៏ដោយ លោក រ័ត្ន ស្រ៊ាង បានមានសទ្ធាកែលម្អរអភិវឌ្ឍន៍សាលាជាបន្ត ដោយសន្យានឹងរៀបចំចាក់បេតុងលើផ្ទៃដីទីធ្លាសាលាបន្ថែម រៀបចំសួនច្បារ និងកន្លែងសិស្សលេងកម្សាន្ត កសាងតារាងបាល់ទាត់សម្រាប់ក្មេងៗ កែលម្អបន្ទប់ទឹកឲ្យស្អាត និងកសាងប្រព័ន្ធរំដោះទឹកជុំវិញបរិវេណសាលាទាំងមូល និងសន្យាបន្តទៅជួយកសាង នៅសាលាបឋមសិក្សាព្រែកថ្លឹងមួយទៀត។
ការផ្តល់ជូនលើសពីសំណូមពរនេះ ទទួលបានការសាទរពេញទំហឹងពីលោកនាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល ហើយអ្វីដែលគួរជាទីចាប់អារម្មណ៍មួយទៀតនោះគឺ រាល់លើកដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបំពេញកិច្ចការងារផ្សេងៗ ដល់មូលដ្ឋានផ្ទាល់ លោកតែងតែនាំយកអាហារសម្រន់ មកចែកជូនបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ប្អូនៗកុមារ បរិភោគជាមួយគ្នា យ៉ាងសប្បាយរីករាយ និងស្និតស្នាល។
ជាក់ស្តែង បរិយាកាសនាថ្ងៃនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកនូវការ៉េមចំនួន៧០០ដើម នំប៉័ង៧០០កំណាត់ និងទឹកសុទ្ធ៣០កេស ចែកជូនដល់បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋ កុមារា កុមារីនៅតាមផ្ទះចូលរួមបរិភោគក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានទៅសាកសួរសុខទុក្ខ លោក ជុំ ឈាង អតីតចៅសង្កាត់ព្រែកកំពឹស ជាប្រធានបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស ដែលមានជំងឺគ្រួសក្នុងប្រមាត់ទើបចេញពីទទួលការវះកាត់នៅមន្ទីរពេទ្យ និងបន្តចុះសួរសុខទុក្ខ លោក ប៉ាច ប៉ន សមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកកំពឹស ដែលមានជំងឺបូសថ្លើមទើបចេញពីសម្រាកព្យាបាលនៅមន្ទីរពេទ្យដូចគ្នា។
ក្នុងឱកាសសួរសុខទុក្ខលោក រ័ត្ន ស្រ៊ាង បាននាំយក ថវិកាសរុបចំនួន ៣,០០០,០០០រៀល ទឹកផ្លែឈើ០៤កេស មី០៤កែស និងទឹកសុទ្ធ០៤កេស ឧបត្ថម្ភជូនដល់លោក ជុំ ឈាង និងលោក ប៉ាច ប៉ន ក្នុងនោះរួមមានថវិកាផ្ទាល់លោក ចំនួន១លានរៀល លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស១០០ដុល្លារ និងថវិកាក្រុមការងារភូមិសង្កាត់ចូលរួមបន្ថែមផងដែរ៕