(ម៉ូហ្សំប៊ិច)៖ រដ្ឋាភិបាលម៉ូហ្សំប៊ិច នៅថ្ងៃចន្ទនេះបានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Kenneth បានកើនដល់ ៣៨នាក់ហើយ ខណៈទឹកជំនន់នៅតែមិនទាន់ស្រកនៅឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យអង្គការសហប្រជាជាតិម្នាក់ ក៏បានព្រមានដែរថាស្ថានភាពនៅតំបន់ភាគខាងជើងនៃប្រទេស ម៉ូហ្សំប៊ិច អាចនឹងអាក្រក់លើសពីការរំពឹង ខណៈតំបន់មួយចំនួនដូចជា Pemba នៃរដ្ឋ Cabo Delgado កម្ពស់ទឹកភ្លៀង
បានហក់ឡើងដល់២ម៉ែត្រឯណោះ កាលពីថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា ព្យុះស៊ីក្លូន Kenneth បានវាយប្រហារលើប្រទេសម៉ូហ្សំប៊ិច ដែលស្ថិតនៅក្នុងតំបន់អាហ្រ្វិកខាងកើតតាំងតែពី ថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមកម្លេះជាមួយកម្លាំងខ្យល់បក់ ២២០គីឡូម៉ែត្រក្នុងមួយក្នុងម៉ោង។ ចំណែកឯ មនុស្សច្រើនជាង រាប់ពាន់នាក់កំពុងត្រូវការជំនួនបន្ទាន់៕