(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ និងកិច្ចប្រជុំសំខាន់ៗជាច្រើនផ្សេងទៀត នៅទីក្រុងប៉េកាំង ប្រទេសចិន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ 

 សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីព្រលានយន្តហោះកម្ពុជា នៅម៉ោង៨៖០០នាទី ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ និងទៅដល់ព្រលានអន្តរជាតិទីក្រុងប៉េកាំង វេលាម៉ោង១៖៥០នាទីរសៀល ដោយត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីចិន និងស្នាក់នៅសណ្ឋាគារឆាយណាវើលសាប់មីតវីង (China world Summit Wing)។ 

 

នៅល្ងាចថ្ងៃដំបូង កិច្ចការសំខាន់មួយដែលសម្តេចបានធ្វើមុនគេ នោះគឺការទៅទទួលគោរមងារ «សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំង ដែលជាសាកលវិទ្យាល័យដ៏ល្បី ធំ និងចំណាស់ជាងគេមួយរបស់ចិន។ គោរមងារនេះ មិនមែនជាកិត្តិយសសម្រាប់តែខ្លួនសម្តេចតែម្នាក់ឯងនោះទេ ប៉ុន្តែជាកិត្តិយសរបស់ប្រជាជនកម្ពុជាទាំងមូល។ ជាមួយគ្នានេះ សម្តេចតេជោ បានចែករំលែកនូវមោទនភាព ដែលសម្តេចទទួលគោរមងារនេះ ទៅដល់ភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកូនៗ ចៅៗជាទីស្រឡាញ់របស់សម្តេច ដែលតែងតែផ្តល់កម្លាំងចិត្ត និងស្ថិតនៅជាប់ជានិច្ចជាមួយសម្តេចគ្រប់កាលៈទេសៈផងដែរ។ 

 

នៅព្រឹកថ្ងៃបន្ទាប់ គឺថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានពិសាអាហារការងារពេលព្រឹកជាមួយ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក ដែលជាប្រទេសជិតខាងកម្ពុជា។ ក្នុងជំនួបនោះសម្តេច បានលើកថា «យើងពិតជារីករាយដែលបានពិភាក្សាផ្លាស់ប្តូរមតិប្រកបដោយភាពស្មោះត្រង់ទៅវិញទៅមកទទួល ដោយផ្លែផ្កា និងប្រសិទ្ធភាពលើបញ្ហាទំនាក់ទំនងទ្វេរភាគី ក៏ដូចជាបញ្ហាំបន់ និងពិភពលោក ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ពូនជ្រ៉ំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តការ»។ ដោយឡែក នាយករដ្ឋមន្ត្រីវៀតណាម ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ដែលបានធ្វើឱ្យកម្ពុជាមានការរីកចម្រើនខ្ពស់។ លោកក៏បានសម្តែងការរីករាយចំពោះភាពល្អប្រសើរ នៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមផងដែរ។ 

 

បន្ទាប់ពីនោះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមពិធីបើកវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅមជ្ឈមណ្ឌលសន្និសីទជាតិចិន (CNCC) នៅម៉ោង៩៖ ៣០នាទីព្រឹក។ ក្នុងពិធីបើកជាផ្លូវការវេទិកាខ្សែក្រវាត់ និងផ្លូវលើកទីពីរ លោកប្រធានាធិបតី ស៊ី ជិនពីង បានថ្លែងសារនយោបាយថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ជាការលើកទិសដៅកសាងបណ្តាញហេដ្ឋរចនាសម្ព័ន្ធ និងពាណិជ្ជកម្ម ហើយការចូលរួមក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវនេះ បានជួយបើកចំហនូវឱកាសថ្មីសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចសកល។ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានឈរលើគោលការណ៍ នៃភាពស្មើភាពគ្នា និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីសម្រេចបាននូវលទ្ធផលឈ្នះៗ និងការអភិវឌ្ឍជារួម។

បណ្តាមេដឹកនាំ នៃប្រទេសកិច្ចសហប្រតិបត្តិការ ខ្សែក្រវាត់ និងផ្លូវ ក៏បានឡើងថ្លែងសុន្ទរកថាម្នាក់ម្តងៗ។ សម្តេចតេជោ ហ៊ុន សែន ត្រូវបានអនុញ្ញាតឱ្យឡើងថ្លែងសុន្ទរកថាក្នុងពិធីនេះផងដែរ។ នៅចំពោះមុខប្រធានាធិបតីចិន រួមនឹងបណ្តាមេដឹកនាំ និងតំណាងមកពីបណ្តាប្រទេសជាង ១០០នៅលើពិភពលោកក្នុងពិធីបើកវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ មេដឹកនាំកម្ពុជាបានអះអាងថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់កម្ពុជា។ សម្តេចអះអាងទៀតថា គំនិតផ្តួចផ្តើមមួយនេះ មិនមែនជាការដាក់អន្ទាក់បំណុលដូចការលើកឡើងរបស់មតិមួយចំនួននោះឡើយ។

នៅល្ងាចដដែលនោះ បន្ទាប់ពីបញ្ចប់ពិធីបើកវេទិកា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា បានទៅទស្សនកិច្ចនៅទីស្នាក់ការកណ្តាលធនាគារចិន នៅទីក្រុងប៉េកាំង។ ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៣ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលចិន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

រហូតដល់យប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន រួមទាំងបណ្តាមេដឹកនាំ នៃប្រទេសកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ បានចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំដោយ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន។

សម្រាប់នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមសម័យប្រជុំថ្នាក់ដឹកនាំលើកទី១ នៅទីក្រុងប៉េកាំង ដែលធ្វើឡើងក្រោមប្រធានបទ «ការជំរុញការតភ្ជាប់ដើម្បីស្វែងរកធនធានថ្មីសម្រាប់ការរីកចម្រើន»។ ក្នុងពិធីនេះ សម្ដេចមានឱកាសថ្លែងបទអន្តរាគមន៍៥នាទី។ បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រតិភូទាំងអស់ បានឯកភាពគ្នាឈានទៅចេញសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលតុមូលរបស់ថ្នាក់ដឹកនាំ នៃវេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ៣៨ចំណុច ក្នុងនោះមេដឹកនាំទាំងអស់ បានចាត់ទុកថា ការតភ្ជាប់គឺជាការរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពាណិជ្ជកម្មទំនើបនិងសេវា ក៏ដូចជាការវិនិយោគ ការបង្កើនឱកាសការងារ និងការធ្វើឲ្យប្រសើរឡើងនៃទំនាក់ទំនង និងការផ្លាស់ប្តូររវាងប្រជាជន។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយលោក វ៉ាង ហូនីង សមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងជាលេខាធិការនៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន។ លោក វ៉ាន់ ហូនីង បានបង្ហាញជំហរយ៉ាងមុងមាំរបស់រដ្ឋាភិបាលចិន ក្នុងការជួយដោះស្រាយគ្រប់បញ្ហារបស់កម្ពុជាដែលជួយប្រទះដែលក្នុងនោះរួមមានទាំងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែលសហភាពអឺរ៉ុបគ្រោងនឹងព្យួរផងដែរ។
លេខាបក្សកុម្មុយនីស្តចិន បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យកម្ពុជាមានសន្តិភាព និងស្ថិរភាព ជាពិសេសការធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ និងមានកំណើនសេដ្ឋកិច្ចលឿន។ សម្តេចតេជោ ក៏បានស្នើចិនបើកទីផ្សារថែមទៀត ដើម្បីឱ្យផលិតផល និងកសិផលមកកម្ពុជាកាន់តែច្រើន ដែលជាការជួយជំរុញដល់ការនាំចេញរបស់កម្ពុជាមកប្រទេសចិន។ ក្រោយពីបញ្ចប់កិច្ចពិភាក្សា លោក វ៉ាង ហូនីង ក៏បានរៀបចំពិធីជប់លៀង ទទួលស្វាគមន៍សម្តេចតេជោថែមទៀត។

ដោយឡែកសម្រាប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ គឺជាថ្ងៃដ៏មមាញឹក ជាមួយនឹងការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ចិន។ ក្នុងថ្ងៃនោះ នៅម៉ោង៩៖០០ព្រឹក សម្តេចតេជោ ហ៊ុន សែន បានទទួលជួប លោក ឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការបក្សក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងចិន។ ជាលទ្ធផលក្រុមហ៊ុនផ្លូវដែកចិន នឹងប្រឹងប្រែងជួយធ្វើឱ្យផ្លូវដែកនៅក្នុងប្រទេសកម្ពុជា កាន់តែល្អប្រសើរឡើង ដើម្បីសម្រួលដល់ការដឹកជញ្ជូន។ សម្តេចតេជោ ហ៊ុន សែន ចង់ឃើញមានក្រុមហ៊ុនផ្លូវដែករបស់ចិន មកចាប់ដៃសហការជាមួយនឹងក្រុមហ៊ុនផ្លូវដែករបស់ប្រទេសកម្ពុជា គឺក្រុមហ៊ុន Royal Rialway របស់អ្នកឧកញ៉ាគិតម៉េង ដើម្បីអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា។

លោក ឆិន ហ្វិនជាន បានលើកឡើងថា ការរកស៊ីផ្លូវដែកនេះមិនចំណេញនោះទេ ក៏ប៉ុន្តែអ្វីដែលគាត់មានបំណងសហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសកម្ពុជា គឺមានគោលបំណងជួយកម្ពុជា និងជាការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចក៏បានជំរុញឲ្យភាគីកម្ពុជា-ចិនធ្វើការងារនេះ ឲ្យបានឆាប់រហ័ស ខិតខំបង្កើនល្បឿននៃការលើកកម្ពស់ស្ថានភាពផ្លូវដែកនៅកម្ពុជា។ លោក ឆិន ហ្វិនជាន បានគូសបញ្ជាក់ជម្រាបជូនសម្ដេចតេជោថា គាត់នឹងធ្វើយ៉ាងណាឲ្យការងារនេះបានជោគជ័យ។

បន្ទាប់ពីទទួលជួបលោក ឆិន ហ្វិនជាន សម្តេចតេជោ ហ៊ុន សែន ក៏ទទួលជួបតំណាងក្រុមហ៊ុនគ្រឿងចក្រធុនធ្ងន់ជាតិចិនបន្តទៀត។ ក្រុមហ៊ុននេះបានចូលមកវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០០៧ ហើយក៏បានសហការជាមួយអគ្គិសនីកម្ពុជាផងដែរ។
រហូតដល់បច្ចុប្បន្ននេះក្រុមហ៊ុនមានគម្រោងរហូតទៅដល់១២គម្រោង និងបានដាក់ទុនជាច្រើនក្នុងការកសាងវារីអគ្គិសនីដែលមានទំហំទឹកប្រាក់រហូតទៅដល់ ៥៤០លានដុល្លារសហរដ្ឋអាមេរិក។ តំណាងក្រុមហ៊ុន ក៏បានគូសបញ្ជាក់ថា ការវិនិយោគផ្នែកអគ្គិសនីនៅកម្ពុជា គឺដំណើរការទៅមុខល្អប្រសើរ ហើយលោកបានថ្លែងអំណរគុណ សម្ដេចដែលបានគាំទ្រចំពោះក្រុមហ៊ុនចិនដែលទៅវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបានថ្លែងអំណរគុណដែលខាងក្រុមហ៊ុនរបស់ប្រទេសចិន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជា និងជួយអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។ សម្តេចបានជំរុញឲ្យក្រុមហ៊ុនបន្តធ្វើយ៉ាងណាការអភិវឌ្ឍន៍វិស័យថាមពល ឱ្យមានការរីកចម្រើនទៅមុខជាបន្តទៀត ដើម្បីផលប្រយោជន៍ជាតិ និងតម្រូវការរបស់កម្ពុជា។

បន្ទាប់ពីនោះ សម្តេចបានបន្តទទួលជួប លោក Li Jinge អនុប្រធានក្រុមហ៊ុន HUAWEI ថេកណូឡូជីប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីតាំងដដែល គឺសណ្ឋាគារឆាយណាវើលសាប់មីតវីង។ លោក Li Jinge អះអាងថា មកដល់ពេលនេះក្រុមហ៊ុនវិនិយោគដោយជោគជ័យនៅក្នុងប្រទេសកម្ពុជា និងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាផងដែរ។ លោកបន្តថា កម្ពុជាជាប្រទេសទី១ហើយ នៅក្នុងតំបន់អាស៊ានដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍទៅលើបច្ចេកវិទ្យាថ្មី5G។ សម្ដេចបានណែនាំឲ្យក្រុមហ៊ុនធ្វើការខិតខំប្រឹងប្រែងជាបន្តទៀតក្នុងការសហការជាមួយក្រសួងស្ថាប័នរបស់កម្ពុជាអភិវឌ្ឍលើវិស័យបច្ចេកវិទ្យានេះ ហើយសម្ដេចចង់ឲ្យក្រុមហ៊ុន HUAWEI ជួយកសាងសមត្ថភាព ជាពិសេសទៅវិស័យបច្ចេកវិទ្យា បង្កើនសេវាឱ្យមានល្បឿនលឿន។

បន្ទាប់ពីបញ្ចប់ជំនួបខាងលើនេះ នៅវេលាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានមានជំនួបទ្វេភាគីជាមួយនឹង លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។ បន្ទាប់ពីជំនួបសម្តេចតេជោ និងលោក លី ខឺឈាង បានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦ រួមមាន៖

ទី១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីបញ្ជីគម្រោងគន្លឹះវង់ទី២ សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ។ ចុះហត្ថលេខារវាងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ចាង យុង អនុប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ។

ទី២៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ នៃការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ។ ចុះហត្ថលេខារវាងលោកអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាពសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ទី៣៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ស្តីពីការនាំអង្ករកម្ពុជាចំនួន៤០ម៉ឺនតោន ចូលទីផ្សារចិន។ ចុះហត្ថលេខារវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយលោក លូ ជុន ប្រធានក្រុមហ៊ុនសាជីវកម្ម COFCO។

ទី៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្រោមយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើម «ខ្សែក្រ វ៉ាត់ និងផ្លូវ»។ ចុះហត្ថលេខារវាងលោកអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក លីវ លានកី ប្រធានធនាគារចិន។

ទី៥៖ ផែនការសកម្មភាព ស្តីពីការបង្កើតសហគមន៍វាសនារួម កម្ពុជា-ចិន។ ចុះហត្ថលេខារវាងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន។

ទី៦៖ កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ជាហិរញ្ញប្បទានឥតសំណង។ ចុះហត្ថលេខារវាងលោកអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនី រ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយតំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិឌ្ឍអន្តរជាតិ របស់ប្រទេសចិន។

នៅក្នុងជំនួបនោះ លោក លី ខឺឈាង បានប្រកាសជាថ្មីក្នុងការជួយកម្ពុជាឱ្យអស់ពីលទ្ធភាព ដើម្បីឆ្លងកាត់នូវឧបសគ្គនានាក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេស។ ជាពិសេសជំរុញអ្នកវិនិយោគចិនឱ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត បើទោះបីកម្ពុជាប្រឈមនឹងការគំរាមកំហែងដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីសហភាពអឺរ៉ុបក៏ដោយនោះ។

រហូតដល់រសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានទទួលជួបតំណាងក្រុមហ៊ុន ថាមពលដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យ។ ក្រុមហ៊ុននេះក៏មានការចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ដោយចង់បង្កើតរោងចក្រផលិតបន្ទះសូឡា (Solar Panel) គឺជាបន្ទះអាចស្រូបយកពន្លឺព្រះអាទិត្យបំលែងទៅជាអគ្គិសនី។ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យក្រុមហ៊ុនធ្វើការសហការជាមួយនឹងក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គិសនីកម្ពុជា។

បន្ទាប់ពីនោះ សម្តេចបានអនុញ្ញាតឱ្យ លោកបណ្ឌិត សូ យីនពាវ ប្រធានក្រុមហ៊ុនថ្មីរបស់ក្រុមហ៊ុន China Huaneng Group ចូលជួបបន្តទៀត។ សម្តេចបានជំរុញឱ្យ China Hauneng Group ដែលជាក្រុមហ៊ុនបានវិនិយោគផលិតវារីអគ្គិសនីនៅសេសានក្រោមពីរ ពិនិត្យលទ្ធផលបង្កើតស្ថានីយ៍ថាមពលអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យនៅកម្ពុជាបន្ថែមទៀត ដើម្បីទាញយកថាមពលអគ្គិសនីមកបំពេញសេចក្តីត្រូវការនៅកម្ពុជា។

ក្រុមហ៊ុន China Hauneng Group បានជម្រាបសម្ដេចនាយករដ្ឋមន្ត្រីអំពីភាពជោគជ័យលើគម្រោងផលិតវារីអគ្គិសនីនៅសេសានក្រោម២ និងបានបញ្ជាក់ថា ក្រុមហ៊ុនកំពុងបន្តស្រាវជ្រាវអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីបន្ថែមទៀតនៅកម្ពុជា ជាពិសេសទៅលើការអភិវឌ្ឍន៍ថាមពលដើរដោយពន្លឺព្រះអាទិត្យ។ ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំក្រុមហ៊ុននេះថា សម្រាប់វារីអគ្គិសនី គឺអាចដំណើរការបានពេញលេញក្នុងរដូវភ្លៀង តែនៅពេលដែលរដូវប្រាំងវិញ គឺខ្វះខាតទឹកដូច្នេះមិនអាចឱ្យវារីអគ្គិសនីដំណើរការផលិតថាមពលបានពេញសមត្ថភាពនោះឡើយ។

ក្នុងន័យនេះសម្តេចបានជំរុញក្រុមហ៊ុន China hauneng group ដែលជាក្រុមហ៊ុនបានចាប់ដៃជាមួយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង សិក្សាស្រាវជ្រាវ និងបោះទុនទៅលើការវិនិយោគការបង្កើតស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យជំនួសវិញ។ ឆ្លើយតបនឹងអ្វីដែលសម្តេចតេជោ បានលើកឡើងនេះ តំណាងខាងក្រុមហ៊ុន បានជម្រាបសម្តេចតេជោថា កន្លងមកក្រុមហ៊ុនបានសិក្សានៅក្នុងប្រទេសកម្ពុជា គឺមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ក្នុងការទាញយកថាមពលអគ្គិសនីយកមកប្រើប្រាស់។ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនគ្រោងនឹងវិនិយោគដើម្បីផលិតថាមពលអគ្គិសនីប្រមាណ ២០០មេហ្គាវ៉ាត់ ដោយថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជានាពេលខាងមុខនេះផងដែរ។ ភាគីក្រុមហ៊ុន បានស្នើសុំសម្តេចតេជោឲ្យគាំទ្រខ្លួនក្នុងការចូលរួមអភិវឌ្ឍន៍ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ឬហៅថាថាមពលស្អាតនេះ។

បន្ទាប់ពីបញ្ចប់ជំនួបនេះ នៅយប់ថ្ងៃទី២៨ ខែមេសា សម្តេចតេជោ ហ៊ុន សែន បានចូលរួមតាំងពិព័រណ៍សាកវប្បកម្មអន្តរជាតិ ២០១៩។ សួនដែលរំលេចពីអត្តសញ្ញាណរបស់ជាតិកម្ពុជាដ៏ធំមួយ ត្រូវបានសាងសង់ឡើងនៅក្នុងមជ្ឈមណ្ឌលពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០១៩ ស្ថិតនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ សួននេះត្រូវបានសាងសង់ឡើងក្រោមប្រធានបទ «រស់នៅកាន់តែល្អប្រសើរ រស់នៅជាមួយបរិស្ថានបៃតង»

បុគ្គលសំខាន់ជាងគេ និងជាជនមានអំណាចកំពូលទី១របស់ចិន ត្រូវបានសម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាក្រោយគេបង្អស់គឺនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នោះគឺ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន។ លោក ស៊ី ប្រកាសផ្តល់ជំនួយប្រមាណ ៦០០លានយន់ ស្មើនឹងប្រមាណជិត ៩០លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់វិស័យការពារជាតិកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានអរគុណ លោក ស៊ី ជិនពីង ព្រមទាំងបានស្នើឱ្យលោកប្រធានាធិបតី បន្តជួយគាំទ្រដល់រោងចក្រសហគ្រាសរបស់ចិនប្រមាណ៧០០ ដែលកំពុងរកស៊ីនៅកម្ពុជាឱ្យបន្តរកស៊ីនៅកម្ពុជាបន្ថែមទៀត ហើយក៏បានស្នើឱ្យជំរុញអ្នកវិនិយោគថ្មីរបស់ចិនបន្ថែមទៀតចូលមករកស៊ីនៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែលសហភាពអឺរ៉ុបគ្រោងនឹងដកពីប្រទេសកម្ពុជា។ ដើម្បីឆ្លើយតបបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ប្រធានាធិបតីចិនថា កម្ពុជាបានធ្វើកំណែទម្រង់ជាច្រើន ដើម្បីកាត់បន្ថយថ្លៃដើមផលិត ក៏ដូចជាការប្រតិបត្តិការនានារបស់ក្រុមហ៊ុន និងធានាបាននូវការប្រកួតប្រជែងផលិតផលផលិតនៅកម្ពុជាលើទីផ្សារអន្តរជាតិ។ ដើម្បីដោះស្រាយនូវអ្វីដែលជាការគំរាមពីសហភាពអឺរ៉ុបតាមរយៈការព្យួរ EBA នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើប្រធានាធិបតីចិន បើកទីផ្សាររបស់ខ្លួនឱ្យកាន់តែទូលាយថែមទៀតសម្រាប់ផលិតផលកម្ពុជា។

លោក ស៊ី ជីនពីង បានលើកឡើងថា កម្ពុជាជាមិត្តដ៏ស្មោះត្រង់របស់ចិន ដូច្នេះ ចិននឹងបន្តគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសក្នុងក្របខណ្ឌជាដៃគូនៃទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធបញ្ហា EBA លោកប្រធានាធិ បតីចិន បានអះអាងថា ចិន នឹងប្រឹងប្រែងជួយដោះស្រាយនូវបញ្ហាប្រឈមនេះ ដោយជំរុញអ្នកវិនិយោគចិនមកកម្ពុជាឱ្យកាន់តែច្រើន និងបើកទីផ្សារចិនសម្រាប់ផលិតផលកម្ពុជាឱ្យកាន់តែទូលាយថែមទៀត។ លោក ស៊ី ជីនពីង បានអះអាងផងដែរថា តាមរយៈគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» លោកនឹងជំរុញឱ្យមានការអភិវឌ្ឍនៅតំបន់សេដ្ឋកិច្ចពិសេស សាងសង់ព្រលានយន្តហោះ និងផ្លូវល្បឿនលឿនជាដើមនៅក្នុងប្រទេសកម្ពុជា។

ទំនាក់ទំនងលើកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងមហាអំណាច បាននឹងកំពុងកាន់តែស៊ីជម្រៅបន្ថែមទៀត ក្រោយវេទិកាកំពូលខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២ ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធីបតី ចិន ស៊ី ជីនពីង បានបញ្ចប់ដោយជោគជ័យ នៅទីក្រុងប៉េកាំង ក្រោមប្រធានបទ «ការជំរុញការតភ្ជាប់ដើម្បីស្វែងរកធនធានថ្មី សម្រាប់ការរីកចម្រើន» ខណៈមេដឹកនាំជុំវិញពិភពលោក មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូទាំងអស់សម្តែងការអបអរសាទរចំពោះវេទិកាដ៏សំខាន់មួយនេះ។

បន្ទាប់ពីបញ្ចប់ជំនួបជាមួយ លោកប្រធានាធិបតីចិន សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចប់បេសកកម្មរយៈពេល៥ថ្ងៃ នៅប្រទេសចិនដោយឡើងយន្តហោះពិសេសត្រឡប់មកកម្ពុជា។ ខណៈកំពុងដឹកនាំគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញនោះ សម្តេចតេជោ ហ៊ុន សែន បានអះអាងប្រាប់ជនរួមជាតិកម្ពុជាថា នឹងមានក្រុមហ៊ុនចិនជាច្រើនទៀត ដែលនឹងមករកឱកាសវិនិយោគនៅកម្ពុជា ស្របពេលដែលប្រទេសមានស្ថិរភាព សុខសន្តិភាព និងកំណើនសេដ្ឋកិច្ច។

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់ បានត្រឡប់មកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង១៥៖៣៥នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២ និងកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀត នៅទីក្រុងប៉េកាំងប្រទេសចិន រយៈពេល៥ថ្ងៃ៕