(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានចេញមកបញ្ជាក់ថា ក្រសួងវប្បធម៌គ្មានសិទ្ធិសម្រេចរឿងអនុញ្ញាតឱ្យអ្នកព័ត៌មានបរទេស ៥០០នាក់ចូលទៅទស្សនាប្រាសាទអង្គរវត្តតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នោះឡើយ។ បើតាមលោកស្រីរដ្ឋមន្ត្រី ការអនុញ្ញាតឱ្យជនបរទេសចូលទស្សនាប្រាសាទអង្គរ ជាដែនសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរ។
ការចេញមកបញ្ជាក់របស់លោកស្រី ភឿង សកុណា បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយថា លោកស្រីមិនបានសម្របសម្រួលឱ្យអ្នកព័ត៌មានបរទេស៥០០នាក់នេះ ចូលទៅទស្សនាអង្គរវត្តតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
សូមរំលឹកថា អ្នកសារព័ត៌មានចម្រុះជាតិសាសន៍ប្រមាណ ៥០០នាក់ មកពីបណ្តាប្រទេសនានាទូទាំងពិភពលោក នឹងចូលរួមសន្និសីទកំពូលសារព័ត៌មានអាស៉ីឆ្នាំ២០១៩ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ គ្រោងនាំអ្នកព័ត៌មានបរទេសទាំងនេះចូលទៅកម្សាន្តនៅប្រាសាទអង្គរវត្ត។
លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ បានធ្វើលិខិតស្នើជាផ្លូវការទៅកាន់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអនុញ្ញាតឱ្យអ្នកព័ត៌មានបរទេសទាំងនេះចូលទស្សនាប្រាសាទអង្គរ។ តបតាមសំណើនេះលោកស្រី ភឿង សកុណា នៅថ្ងៃទី១០ ខែមេសា កន្លងទៅ ក៏បានធ្វើលិខិតបញ្ជាក់តបវិញថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនមានសមត្ថកិច្ចក្នុងការអនុញ្ញាតឱ្យអ្នកព័ត៌មានបរទេសទាំងនេះចូលទៅទស្សនាប្រាសាទអង្គរនោះឡើយ។
លោកស្រី ភឿង សកុណា ក៏បានស្នើរដ្ឋមន្ត្រីក្រសួងព័ត៌មានឱ្យទាក់ទងទៅខាងគ្រឹះស្ថានអង្គរជំនួសវិញ។ តាមរយៈលិខិតឆ្លើយតបរបស់លោកស្រី ភឿង សកុណា មួយសន្លឹកនេះ នាំឱ្យមានការផ្សព្វផ្សាយវាយប្រហារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចលោកស្រី ភឿង សកុណា ថា បដិសេធក្នុងការសម្របសម្រួលអ្នកព័ត៌មានបរទេសទាំងនេះ។
ជាការបំភ្លឺបន្ថែមទៅការចោទប្រកាន់នេះ លោកស្រី ភឿង សកុណា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា អាជ្ញាធរអប្សរាដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានភារកិច្ចក្នុងការថែទាំងប្រាសាទអង្គរវត្តតែប៉ុណ្ណោះ មិនមានសមត្ថកិច្ចលើការលក់សំបុត្រ ចូលទស្សនាប្រសាទអង្គរនោះឡើយ។
បើតាមលោកស្រីរដ្ឋមន្ត្រី ព្រោះតែបញ្ហានេះហើយទើបលោកស្រីបង្វែរឱ្យក្រសួងព័ត៌មានទាក់ទងទៅគ្រឹះស្ថានអង្គរ ដើម្បីសុំការសម្របសម្រួល និងអនុញ្ញាតឱ្យអ្នកព័ត៌មាន បរទេសទាំង ៥០០នាក់បានចូលទស្សនាប្រសាទអង្គរ៕