(ឌូបៃ, អារ៉ាប់រួម)៖ ប្រតិភូក្រសួងទេសចរណ៍ដឹកនាំដោយលោក កាទើ មហាម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងនាមតំណាងលោករដ្ឋមន្ត្រី ថោង ខុន បានដឹកនាំមន្ត្រីជំនាញចូលរួមក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍អន្តរជាតិ» ឬហៅថា Arabian Travel Market (ATM 2019) នៅទីក្រុងឌូបៃ នៃសហភាពអារ៉ាប់រួម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។
គួររំលឹកថា ព្រឹត្តិការពិព័រណ៍ទេសចរណ៍អន្តរជាតិ ATM 2019 បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤ ដែលកាលនោះទីតាំងមានទំហំតែ២,០០០ម៉ែត្រការ៉េ និងមានអ្នកទស្សនាប្រហែល៧,០០០នាក់ប៉ុណ្ណោះ។
ដោយឡែក ព្រឹត្តិការណ៍ឆ្នាំ២០១៩នេះ មានទីតាំងទំហំរហូតដល់២៦,០០០ម៉ែត្រការ៉េ ដោយមានការចូលរួមពីបណ្ដាប្រទេសជាង១៥០ប្រទេស និងជាង៩០០ នៃភ្នាក់ងារទេសចរណ៍អន្តរជាតិ ពាណិជ្ជកម្ម សារព័ត៌មាន និងអ្នកទស្សនាជាង ២៨,០០០នាក់ ព្រមទាំងអ្នកលក់ជាង ២,៥០០ក្រុមហ៊ុន អ្នកទិញដ៏មានសក្តានុពល និងអ្នកជំនាញមកពីស្ថាប័នទេសចរណ៍ជាតិនានា ធ្វើបទបង្ហាញស្តីពីវឌ្ឍនភាព នៃវិស័យទេសចរណ៍ជុំវិញពិភពលោក និន្នាការនៃការធ្វើដំណើរថ្មី ទេសចរណ៍បែបបច្ចេកវិទ្យា (Travel Tech Show) និងវេទិកាទេសចរណ៍ រវាងសហភាពអារ៉ាប់ជាមួយមហាយក្សចិន (Arabia China Tourism Forum) ផងដែរ។
ATM 2019 គឺជាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ដ៏ធំ សម្រាប់ទីផ្សារទេសចរណ៍មជ្ឈិមបូព៌ា ដែលជាឱកាសសម្រាប់កម្ពុជាក្នុងការជំរុញយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» និងផ្សព្វផ្សាយវេទិកាទេសចរណ៍អាស៊ាន (ATF 2021) ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ ព្រមទាំងទាក់ទាញប្រតិបត្តិករទេសចរណ៍ វិនិយោគិន និងភ្ញៀវទេសចរពីទីផ្សារមជ្ឈិមបូព៌ា ជាពិសេសទេសចរអារ៉ាប់រួមឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត។
នៅក្នុងពន្លារបស់ក្រសួងទេសចរណ៍ មានភ្ញៀវជាច្រើនចូលទស្សនា និងបានសាកសួរព័ត៌មានមួយនានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅកម្ពុជា ហើយប្រធានប្រតិភូ ក៏ដូចជាមន្រ្តីជំនាញ ក៏បានផ្តល់ជូននូវព័ត៌មានអំពីការអភិវឌ្ឍរបស់វិស័យទេសចរណ៍កម្ពុជា ក្រោមការដឹកនាំរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា មានភាពទាក់ទាញខ្លាំងទៅលើទីផ្សារអន្តរជាតិ និងជាពិសេសស្ថិតក្រោមដំបូលសុខសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។
តាមរយៈព្រឹត្តិការណ៍ ATM 2019 នេះ ជាកាលានុវត្តភាពថ្មីមួយសម្រាប់កម្ពុជា ក្នុងការចាប់យកចំណែកទីផ្សារភ្ញៀវទេសចរពីបណ្តាប្រទេសមជ្ឈិមបូព៌ា និងបណ្តាប្រទេសមូស្លីម ដែលកម្ពុជានឹងទទួលបានទេសចរមកពីទីផ្សារមជ្ឈិមបូព៌ា និងមូស្លីមកាន់តែច្រើនថែមទៀត៕