(សៀមរាប)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានថ្លែងបញ្ជាក់ថា គោលការណ៍នៃការធ្វើ កំណែទម្រង់របស់រាជរដ្ឋាភិបាលចំពោះវិស័យកងទ័ពគឺមិនមែនពេលនេះទេ មានជំហានច្បាស់លាស់នៅពេលខាងមុខ ដោយឡែកចំពោះនាយទាហានដែលឡើងខ្ពស់ហើយ មិនអាចកាត់ទម្លាក់មកវិញបានទេ។
ការបញ្ជាក់នេះនៅក្នុងពិធីបូកសរុបលទ្ធផលការងារយោធា ឆ្នាំ២០១៨ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា ឆ្នាំ២០១៩ នៅទីបញ្ជាការដ្ឋានកងពលធំ អន្តរាគមន៍លេខ២ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងដូច្នេះថា «ការដំឡើងឋានន្តរស័ក្តិចំពោះ នាយទាហានដែលមានការតស៊ូជំនាន់មុនមិនខុសទេ ព្រោះការធ្វើកំណែទម្រង់នេះ គឺជាការលើកទឹកចិត្ត ចំពោះនាយទាហានដែលបានតស៊ូពីជំនាន់មុន ហើយកំណែទម្រង់របស់រាជរដ្ឋាភិបាល គឺមានជាជំហានៗនៅពេលក្រោយ»។
ការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ បានបញ្ជាក់ថា នៅពេលអនាគត គឺឲ្យមានផ្កាយបួនតែពីរនាក់ទេ គឺរដ្ឋមន្ត្រីការពារជាតិ និងអគ្គមេបញ្ជាការកងទ័ព។ ហើយក្រៅពីនោះគឺពាក់ផ្កាយបីទាំងអស់ និងមេបញ្ជាការភូមិភាគឱ្យពាក់តែផ្កាយ២ទេ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានគាំទ្រ និងកោតសរសើរចំពោះការហ្វឹកហ្វឺនការពង្រឹង សមត្ថភាពកងទ័ពការអប់រំចិត្តសាស្ត្រ ព្រោះការយកចិត្តទុកដាក់នេះ គឺសំខាន់ណាស់សម្រាប់ប្រសិទ្ធភាពប្រយុទ្ធ និងការគ្រប់គ្រងសតិអារម្មណ៍។
លោកឧត្តមសេនីយ៍ឯក បានថ្លែងយ៉ាងដូច្នេះថា «សូមបន្តយកចិត្តទុកដាក់ក្នុងការបំពាក់ ការថែទាំអាវុធយុទ្ធភ័ណ្ឌបច្ចេកទេសការងារទូទៅឲ្យសមស្រប ទៅនឹងភារកិច្ចការរៀបចំកម្លាំងត្រៀមប្រយុទ្ឋ និងការហ្វឹកហ្វឺន។ ថ្វីដ្បិតតែរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកដំឡើងកិត្តិយស និងលើកស្ទួយកម្រិតជីវភាពរបស់កងទ័ព ប៉ុន្តែតម្រូវការកងទ័ពរបស់យើងគឺធំ។ ដូច្នេះការខិតខំបង្កបង្កើនផលការងារ ធានាច្នៃប្រឌិតផ្សេងៗម្ចាស់ការលើខ្លួនឯង ដើម្បីជីវភាពរស់នៅរបស់កងទ័ព គឺជាការងារចាំបាច់»។
មេបញ្ជាការកងទ័ពជើងគោក បានណែនាំឲ្យកងពលធំអន្តរាគមន៍លេខ២ សហការជាមួយនឹងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងជាមួយភាគីមិត្តនៅតាម បណ្ដាព្រំដែន ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាព សន្តិសុខ ជូនប្រជាពលរដ្ឋ និងទប់ស្កាត់នូវអំពើខុសច្បាប់ផ្សេងៗ។
កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ពីទីក្រុងប៉េកាំង ប្រទេសចិន ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើកំណែទម្រង់ស៊ីជម្រៅចំពោះក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលជាក្រសួងគ្រប់គ្រងលើកម្លាំងកងទ័ព និងកម្លាំងនគរបាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា នៅថ្ងៃអនាគតខាងមុខនេះទៀត ក្នុងជួរកងទ័ពមានតែរដ្ឋមន្រ្តីការពារជាតិ និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទប៉ុណ្ណោះ ដែលពាក់ផ្កាយ៤, ត្រឹមអគ្គមេបញ្ជាការរង និងអគ្គនាយកនៃអគ្គនាយកដ្ឋាននានា ត្រូវពាក់ផ្កាយ៣, អគ្គនាយករងពាក់ត្រឹមផ្កាយ២ប៉ុណ្ណោះ។ មេបញ្ជាការកងទ័ពជើងគោក ជើងអាកាស ជើងទឹក គឺពាក់ត្រឹមផ្កាយ៣ និងតាមបណ្តាមេបញ្ជាការភូមិភាគនានា ផ្តល់ត្រឹមផ្កាយ២។ ដោយឡែកអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទទាំងអស់ នឹងត្រូវពាក់ត្រឹមផ្កាយ៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា នៅពេលខាងមុខមន្រ្តីថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ដែលពាក់ផ្កាយ៤ និងទម្លាក់មកត្រឹមផ្កាយ៣ លើកលែងតែមន្រ្តីចាស់ៗមួយចំនួនប៉ុណ្ណោះរក្សាទុកផ្កាយ៤។ ពាក់ព័ន្ធនឹងកំណែទម្រង់នេះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដែរថា នឹងធ្វើកំណែទម្រង់លើកម្លាំង នគរបាលផងដែរ ហើយទាំងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ នឹងសិក្សាលម្អិតបន្ថែមលើការកែទម្រង់នេះ៕