(ភ្នំពេញ)៖ លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយប្រៃសណីយ៍កម្ពុជា បានលើកឡើងថា ដើម្បីពង្រាយសេវាប្រៃសណីយ៍ ឲ្យកាន់តែខិតជិតប្រជាពលរដ្ឋ គឺចាំបាច់បំផុតត្រូវពឹងផ្អែកពីរាជរដ្ឋាភិបាល និងត្រូវការទុនវិនិយោគយ៉ាងច្រើន។
ថ្លែងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News លោក អោក បូរ៉ា ឲ្យដឹងថា «កន្លងមករដ្ឋមន្រ្ដីនៃក្រសួងប្រៃសណីយ៍ បានជំរុញធ្វើយ៉ាងណាឲ្យប្រៃសណីយ៍កម្ពុជា ពង្រីកសាខារបស់ខ្លួន ឲ្យកៀកនឹងប្រជាពលរដ្ឋ មានន័យថា ពង្រីកឲ្យដល់ភូមិ-ឃុំនៃប្រទេសកម្ពុជា ប៉ុន្ដែបច្ចុប្បន្នប្រៃសណីយ៍ មិនទាន់ទៅរួចឡើយ ដោយសារតែទុនវិនិយោគនៅតិច។ ដូច្នេះប្រសិនបើឲ្យប្រៃសណីយ៍ ពង្រីកដល់ភូមិ-ឃុំ លុះត្រាតែ រាជរដ្ឋាភិបាល មានសេវាកតព្វកិច្ចសាកល ដែលមានការឧបត្ថម្ភធនពីរាជរដ្ឋាភិបាល»។
លោកបន្ដថា ពេលពង្រីកដល់ភូមិ-ឃុំសេវាប្រៃសណីយ៍ រកស៊ីមិនចំណេញឡើយ ដើម្បីបម្រើសេវាសាធារណៈ ដូច្នេះរដ្ឋត្រូវជួយឧបត្ថម្ភធន។ ជាក់ស្ដែងរដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ កំពុងប្រឹងប្រែង ជំរុញធ្វើគោលនយោបាយ និងកែធ្វើវិសោធសកម្មច្បាប់ប្រៃសណីយ៍ ដើម្បីជួយទ្រទ្រង់សេវាសាធារណៈនេះឲ្យដល់ភូមិ-ឃុំ។
លោកបន្ថែមថា បច្ចុប្បន្នប្រៃសណីយ៍កម្ពុជា ត្រូវតែរកស៊ីនៅកន្លែងទីប្រជុំជាមុនសិន ដើម្បីជៀសវាងការខាតបង់ ហើយសព្វថ្ងៃនេះប្រៃសណីយ៍បានបើកប្រតិបត្តិការ ប្រមាណជា៤៤សាខានៅទូទាំងប្រទេស ក្នុងនោះ១១សាខាស្ថិតក្នុងរាជធានីភ្នំពេញ។ ការមានសាខាត្រឹមតែ៤៤នេះ ដោយសារតែការបើកសាខានីមួយៗត្រូវចំណាយទុនច្រើនដូចជា៖ ដី, អាគារ, បុគ្គលិក មួយវិញទៀត នៅតាមជនបទប្រៃសណីយ៍ មិនអាចរកប្រាក់ចំណេញបាននោះឡើយ។
លោកបញ្ជាក់ថា «ប្រៃសណីយ៍មិនមានទុនគ្រប់គ្រាន់ សម្រាប់ពង្រីកសេវាប្រៃសណីយ៍ដល់ភូមិ ឃុំ ព្រោះបើគិតសរុបកម្ពុជាមានភូមិជាង១៤,៧០០ភូមិ ឃុំមានជាង១,៦៤៦ឃុំ។ ដូច្នេះហើយទើបបានជាប្រៃសណីយ៍ ត្រូវការការឧបត្ថម្ភធនផ្នែកហិរញ្ញវត្ថុ និងការឧបត្ថម្ភធនផ្នែនឯកសារគតិយុទ្ធ ពិសេសត្រូវរៀបចំគោលនយោបាយច្បាស់លាស់ និងធ្វើច្បាប់លើវិស័យប្រៃសណីយ៍ឡើងវិញ ដើម្បីទ្រទ្រង់ផ្ដល់ឱកាសដល់អ្នកវិនិយោគ ឬអ្នកផ្ដល់សេវាឲ្យកៀកដល់ពលរដ្ឋ ដោយមិនគិតពីប្រាក់ចំណេញឡើយ»៕