(ភ្នំពេញ)៖ ថ្នាក់ដឹកនាំមន្ទីរពេទ្យ នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង តំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានកម្ពុជា វៀតណាម និងឡាវ ព្រមទាំងអ្នកជំនាញការ មកពីប្រទេសបារាំង នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ បានសហការគ្នាបើកកិច្ចប្រជុំអន្តរជាតិមួយ ដោយពិភាក្សាគ្នា «អំពីការអភិវឌ្ឍន៍ដំណើរការវះកាត់ មិនសម្រាកពេទ្យ»។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យកាល់ម៉ែត។
លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា តាមពិតនេះមិនមែនជាការពិភាក្សាអំពីបច្ចេកទេសវះកាត់នោះទេ តែវាជាការកំណត់បែបបទ នៃការអភិវឌ្ឍន៍ថ្មីមួយ អំពីវិធីសាស្រ្តព្យាបាលដែលមានភាគច្រើន ក្នុងជំនាញផ្សេងៗ នៅប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ កម្ពុជាក៏មានឱកាសស្វែងយល់ពីតម្រូវការធំចម្បង និងរិះរកវិធីអភិវឌ្ឍន៍ស្ថាប័នរបស់មន្ទីរពេទ្យ ដោយសារកម្រិតជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចម្រើន និងកើនឡើងគួរកត់សំគាល់។
ជាមួយគ្នានេះដែរ កម្រិតតម្រូវការរបស់អតិថិជន ក៏កាន់តែកើនឡើងដូចគ្នា ដោយពួកគាត់បានដឹងពីបច្ចេកទេសវេជ្ជសាស្រ្តថ្មីៗ ពីប្រភពស្ថាប័នផ្សេងៗ និងទាមទារទទួលបានការព្យាបាល ឆាប់ជាសះស្បើយ ត្រឡប់ទៅគេហដ្ឋានវិញ។ លោកបានបន្ដថា ការវះកាត់ដោយមិនសម្រាកពេទ្យនេះ នៅប្រទេសបារាំង ក៏ដូចជាប្រទេសជឿនលឿន កំពុងតែនិយមយ៉ាងខ្លាំង ដែលវាមានសារសំខាន់ធំធេង សម្រាប់អ្នកជំងឺ ដោយចំណេញទាំងសុខភាព និងពេលវេលា។
លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា ការវះកាត់ដោយមិនសម្រាកពេទ្យ គឺមានន័យថា ការវះកាត់ដែលប្រើប្រាស់ពេលវេលា តិចជាង១២ម៉ោង ហើយមិនមាន ការសម្រាកពេទ្យពេលយប់នោះទេ។ ការវះកាត់បែបនេះ គឺជាកិច្ចការដែលប្រយ័ត្នប្រយែង និងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើប បំផុតបូកផ្សំនឹង ក្រុមវេជ្ជបណ្ឌិត ដែលជំនាញជាទីបំផុតផងដែរ។
លោកសង្កត់ធ្ងន់ថា ការវះកាត់តាមទម្លាប់ចាស់ គឺអ្នកជំងឺត្រូវសម្រាកពេទ្យ ចម្លោះពី៣ទៅ៥ថ្ងៃ ប៉ុន្តែជាមួយបច្ចេកវិទ្យា និងក្រុមវេជ្ជបណ្ឌិតជំនាញ យើងអាចវះកាត់ ដោយប្រើពេលសម្រាកពេទ្យតែកន្លះថ្ងៃប៉ុណ្ណោះ ដែលបច្ចុប្បន្ននេះ មន្ទីរពេទ្យកាល់ម៉ែត បានដំណើរការវះកាត់ជាបន្តបន្ទាប់ហើយ។
ជាមួយគ្នានោះដែរ លោកស្រីសាស្រ្តាចារ្យ កូរីន វន់ (Corinne Vons) ប្រធានសមាគមន៍បារាំង ផ្នែកវះកាត់មិនសម្រាកពេទ្យ និងជាគ្រូពេទ្យវះកាត់ នៅមន្ទីរពេទ្យប៉ារីស បានថ្លែងថា ក្នុងនាមប្រធានសមាគមន៍ ពិតជាមានកិតិ្តយសខ្លាំងណាស់ ដែលបាននាំយកបទពិសោធន៍នៅមនី្ទរពេទ្យ ប្រទេសបារាំង មកចែករំលែកជាមួយកម្ពុជា អំពីការវះកាត់ដោយមិនសម្រាកពេទ្យ មានន័យថា ការវះកាត់ក្រោម១២ម៉ោង ដែលអ្នកជំងឺអាចត្រឡប់ទៅផ្ទះបាន ហើយដែលជំនាញមួយនេះ បានធ្វើច្រើនណាស់នៅលើប្រទេសជឿនលឿនក្នុងពិភពលោក ជាពិសេសបារាំងស្ថិតក្នុងចំណោមប្រទេសទាំងអស់នោះ ដែលចូលរួមយ៉ាងសកម្មក្នុងការរៀបចំឲ្យមានសកម្មភាពក្នុងការវះកាត់ដោយមិនសម្រាកពេទ្យ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះជាឱកាសដ៏ល្អ និងជាការជួបជុំសន្និសីទអន្តរជាតិរវាងប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រើប្រាស់ភាសាបារាំង ជាមួយអ្នកជំនាញការបារាំង មានប្រទេសបារាំង កម្ពុជា ឡាវ និងវៀតណាម ដែលនិយាយអំពីប្រធានបទដ៏មានសារសំខាន់បំផុតមួយ។
ចំពោះបច្ចុប្បន្នភាព នៃពិភពលោកដែលកំពុងវិវឌ្ឍន៍នេះ គឺពិភាក្សាគ្នាដោយការវះកាត់មិនចាំបាច់សម្រាកនៅក្នុងមនី្ទរពេទ្យ ដែលមានអត្ថប្រយោជន៍ធំធេង ដែរសព្វថ្ងៃនេះប្រទេសបារាំង កំពុងពេញនិយមធ្វើការវះកាត់ប្រកបដោយសុវត្ថិភាព និងផលចំណេញចំពោះសុខភាព ក៏ដូចជាពេលវេលារបស់អ្នកជំងឺ៕