(ភ្នំពេញ)៖ ខណៈកំពុងដឹកនាំគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញនោះ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា នឹងមានក្រុមហ៊ុនចិនជាច្រើនទៀត ដែលនឹងមករកឱកាសវិនិយោគនៅកម្ពុជា ស្របពេលដែលប្រទេសមានស្ថិរភាព សុខសន្តិភាព និងកំណើនសេដ្ឋកិច្ច។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ នៅពេលនេះសម្តេចកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីប្រទេសចិនជាមិត្ត វិលត្រឡប់មកកម្ពុជាវិញហើយ បន្ទាប់ពីបានចូលរួម ក្នុងវេទិកាផ្លូវ១និងខ្សែក្រវ៉ាត់១ លើកទី២ កាលពីថ្ងៃទី ២៥-២៩ មេសា ២០១៩ ក្នុងនោះក៏មានជំនួបទ្វេភាគីជាមួយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និង លោកនាយករដ្ឋមន្រ្តីចិន លី គឺឈៀង ដែលប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀង ៦ថែមទៀត ដើម្បីជំរុញទំនាក់ទំនង កម្ពុជា-ចិន ឱ្យឡើងដល់កម្រិតកំពូល។ ក្នុងនាមជាប្រទេសដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប គឺយើងជាបងប្អូនដែលចែករំលែកនូវផលប្រយោជន៍នៃអនាគតតែ១។
សម្តេចបានបញ្ជាក់ថា៖ «តាមរយៈជំនួបប្រជុំជាមួយពាណិជ្ជករ និងក្រុមហ៊ុនវិនិយោគចិនធំៗនៅទីក្រុងប៉េកាំង គឺនឹងមានក្រុម ហ៊ុនចិនជាច្រើនថែមទៀតនឹងមកកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ ស្របពេលដែលប្រទេសជាតិ កំពុងមានស្ថេរភាព សុខសន្តិភាព និងរីកចម្រើនជាមួយនឹងកំណើនសេដ្ឋកិច្ចរឹងមាំល្អ»។
សម្តេចបានថ្លែងអំណរគុណមិត្តចិន ដែលតែងតែយកចិត្តទុកដាក់ជួយដល់កម្ពុជា រហូតមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ ហើយនៅថ្ងៃនេះផងដែរ សម្តេចបានអរគុណមិត្តចិនដែលផ្តល់ជំនួយជាង ៦០០លានយ័ន ដើម្បីពង្រឹងវិស័យការពារជាតិកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ និងកិច្ចប្រជុំសំខាន់ៗជាច្រើនទៀត ដែលរៀបចំដោយរដ្ឋាភិបាលចិន រយៈពេល៥ថ្ងៃ នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩៕