(ភ្នំពេញ)៖ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ ដោយគ្មានការប្រកាន់ពូជសាសន៌ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្រីក្រ ដែលងាយរងគ្រោះនូវទូទាំងប្រទេស ក្រោមការដឹកនាំដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
ការបញ្ជាក់របស់លោក ជា ពិសី បែបនេះ គឺបានធ្វើឡើងក្នុងនាមលោកជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងអភិបាលរងខណ្ឌ លោក ស៊ូ សោគន្ធ ដឹកនាំលោក-លោកស្រី មន្ត្រីរាជការក្រោមឱវាទ ចូលរួមក្នុងពិធីទទួលទេយ្យទាន មានជាអង្ករ១តោន ទឹកត្រី១០០យួរ ទឹកស៉ីវ១០០យួរ ទឹកសុទ្ធ១០០យួរ មី៥០កេស និងថវិកា បច្ច័យចំនួន២លានរៀល ពីព្រះតេជគុណ ច័ន្ទ សុភាព គង់នៅវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ដើម្បីយកមករក្សាត្រៀមទុក បង្កាបន្តចែកជូនជួយសង្គ្រោះ តាមគ្រួសារក្រីក្រងាយរងគ្រោះ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្ថិតនៅសាលាខណ្ឌ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ។
ក្នុងពិធីទទួល និងប្រគល់ទេយ្យទាននេះ លោក ជា ពិសី បានថ្លែងថា «ខ្ញុំព្រះករុណា ខ្ញុំជួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណ ច័ន្ទ សុភាព គង់នៅវត្តទួលសន្តិវ័ន ដោយបានផ្ដល់ជូននូវវប្បធម៌ចែករំលែក មកដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក្នុងបំណងចូលរួមគាំទ្រជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ»។
លោក ជា ពិសី បានថ្លែងទៀតថា លោកនឹងសន្យាបន្តនាំយកនូវទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យដែលព្រះតេជគុណ ច័ន្ទ សុភាព បានឧបត្ថម្ភជួយមកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដើម្បីបន្តចែកជូនជួយសង្គ្រោះទៅដល់ប្រជាពលរដ្ឋក្រីក្រ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ដើម្បីឲ្យស្របតាមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ព្រះតេជគុណ ច័ន្ទ សុភាព បានមានសង្ឃដីកាថា សម្រាប់ទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ ដែលនាំយកមកប្រគេនដល់ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌនេះដែរ និងត្រូវបានជួយផ្ដល់ជាបន្តបន្ទាប់ទៀត ដែលបានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ ជិតឆ្ងាយ ដើម្បីសហការបរិច្ចាគនូវវប្បធម៌ចែករំលែក ក្នុងបំណងលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើងឲ្យកាន់តែ មានភាពរីកចម្រើនលូតលាស់ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ៕