(កំពង់ធំ)៖ ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានដាស់តឿនដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវតែបំពេញភារកិច្ច ទៅតាមតួនាទីដូចអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។
ក្នុងឱកាសដឹកនាំ កងកម្លាំងនគរបាលគោរពទង់ជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានណែនាំដល់ដាស់តឿនដល់កងកម្លាំងទាំងអស់ បន្តការខិតខំពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ និងពង្រឹងរបៀបរបបការងារជំនាញ សមត្ថភាពជំនាញ វិធានការជំនាញ ដោយអនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួន តាមឋានានុក្រម របស់មន្ត្រីនគរបាលជាតិ ដើម្បីសម្រេចបានលទ្ធផលល្អប្រសើរ។
លោកឧត្តម សេនីយ៍ទោ អ៊ុក កុសល បានលើកឡើងអំពីកិច្ចប្រតិបត្តិការណ៍ របស់កងកម្លាំងរយៈពេលកន្លងមក ដែលជាការខិតខំប្រឹងប្រែងចូលរួម យ៉ាងសស្រាក់សស្រាំ ចូលរួមបំពេញកិច្ចការងារជំនាញចំណុះ ឲ្យបណ្ដាផែនការងារជំនាញនីមួយៗ ព្រមទាំងការចូលរួមបំពេញបេសកកម្ម ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធានាបានសុវត្ថិភាពល្អ ជាពិសេសក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោកស្នងការបានបន្ថែមថា កន្លងទៅថ្មីៗនេះ គ្រប់ទីកន្លែងជួបប្រមូលផ្ដុំរបស់បងប្អូនប្រជាពលរដ្ឋដូចជា តាមទីវត្តអារាម តាមរមនីយដ្ឋាន ទីកន្លែងប្រារព្ធកម្មវិធីសប្បាយភាព លែងល្បែងប្រជាប្រិយនានា ទូទាំងខេត្តកំពង់ធំ ធានាបានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរបំផុត គួរជាទីគាប់ចិត្ត រហូតទទួលបានការលើកសរសើរ និងលើកទឹកចិត្ត ជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះការខិតខំយ៉ាងសកម្មរបស់កងកម្លាំង។
លើសពីនេះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បាននាំនូវការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណ ពីថ្នាក់ដឹកនាំដល់កងកម្លាំង ដែលខិតខំការពារ សន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ បានទទួលនូវភាពសប្បាយរីករាយ។
លោកក៏បានសង្កត់ធ្ងន់ ឲ្យ ពង្រឹងកងកម្លាំងត្រៀមជានិច្ច ដើម្បីជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ, ពង្រឹងកត្តាសាមគ្គីភាព, ពង្រឹង កិច្ចការជំនាញនគរបាល ការទទួលខុសត្រូវ, ពង្រឹងកាងារប្រចាំបញ្ជា ២៤ម៉ោង លើ២៤ម៉ោង ជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋ, ពិនិត្យការងារសុខភាព អនាម័យ ការសំអាតអង្គភាព ការងារសង្គមផ្សេងៗ៕