(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ បានរៀបចំពិធីប្រកាសចូលកាន់តំណែងលោក ចាន់ តារា ជាអភិបាលរងខេត្តកំពង់ធំ ជំនួសលោក ហួន វ៉ាន់និត ដែលត្រូវបានផ្ទេរភារកិច្ចឲ្យទៅកាន់មុខតំណែងជាអភិបាលរងខេត្តឧត្តរមានជ័យ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី លោក សុខ លូ អភិបាលខេត្តកំពង់ធំ, លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត, សមាជិកក្រុមប្រឹក្សាខេត្ត, ប្រធានអង្គភាពមន្ត្រីរាជការជុំវិញខេត្ត និងក្រុមប្រឹក្សាឃុំសង្កាត់ប្រមាណ ៣០០នាក់។

លោក សុខ លូ បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រខេត្ត និងការគ្រប់គ្រងថែរក្សាការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត មិនមានបញ្ហាអ្វីកើតឡើងនោះទេ។ ក្នុងនោះគណៈបញ្ជាការឯកភាពខេត្ត បានចុះបង្ក្រាបបទល្មើសផ្សេងៗ ដូចជា បទល្មើសធនធានធម្មជាតិ បទល្មើសនេសាទ ដោយមានកិច្ចសហការពីគ្រប់សមាសភាពពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោម។

ថ្លែងក្នុងឱកាសនោះ លោក ប៊ុន ហុន បានកោតសរសើរគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក បានខិតខំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការគ្រប់គ្រងសភាពការណ៍ក្នុងក្របខ័ណ្ឌខេត្តទាំងមូល បានយ៉ាងល្អប្រសើរ ដែលបានរួមចំណែកក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ទន្ទឹមនឹងនោះ លោកបានជំរុញដល់គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវពង្រឹងកិច្ចការភូមិ-ឃុំ មានសុវត្ថិភាពបន្ថែមទៀត ដើម្បីបង្ក្រាបគ្រប់មុខសញ្ញា ដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន សំដៅលើកកម្ពស់ការទទួលខុសត្រូវ របស់កងកម្លាំងសមត្ថកិច្ច ជួយជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសវាងឲ្យឆ្ងាយពីគ្រឿង បង្ក្រាបបទល្មើសព្រៃឈើ ជលផល ឲ្យម៉ឺងម៉ាត់បំផុត។

រដ្ឋលេខាធិការរូបនេះ បានបញ្ជាក់ថា ការផ្លាស់ប្តូរតួនាទីភារកិច្ច និងផ្តល់តំណែងក្នុងការដឹកនាំ គឺដោយសារលោកទាំងពីរ បានដល់អាណត្តិបំពេញការងាររយៈពេល០៨ឆ្នាំ ក្នុងតួនាទីជាអភិបាលរងខេត្ត ស្របតាមច្បាប់កំណត់។ ការកំណត់គោលការណ៍នេះ គឺដើម្បីធានាឲ្យមន្ត្រីដឹកនាំនៅមូលដ្ឋានទាំងនេះ ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព តម្លាភាព ការរៀនសូត្រដកបទពិសោធន៍ក្នុងជួរមន្រ្តីដឹកនាំនៅថ្នាក់ក្រោមជាតិ ពីមូលដ្ឋានមួយទៅមូលដ្ឋានមួយទៀត។

ជាមួយគ្នានោះដែរ លោក ប៊ុន ហុន បានផ្តាំផ្ញើដល់លោក ចាន់ តារា ដែលទទួលបានការតែងតាំងមុខតំណែងថ្មីនេះ ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន តាមរយៈបទពិសោធន៍ ដែលមានពីមុនមក ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍រដ្ឋបាលខេត្តកំពង់ធំ របស់យើងឲ្យកាន់តែរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។

លោក ចាន់ តារា ដែលទើបទទួលបានការតែងតាំងជាអភិបាលរងខេត្តថ្មី បានឡើងប្ដេជ្ញាចិត្តខ្ពស់ ក្នុងចក្ខុវិស័យលើការងារដឹកនាំរបស់ខ្លួន ស្របពេលដែលរាជរដ្ឋាភិបាល បានផ្តល់ទំនុកចិត្តបានចូលកាន់តំណែងជាអភិបាលរងខេត្តនៅពេលនេះដោយសហការផ្ទៃក្នុងឲ្យបានល្អ៕