(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ បានបន្តប្រើប្រាស់តួនាទីតាមឋានានុក្រមក្រុមគ្រួសារ ផ្តល់ស្បៀងជូនជនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតពិតប្រាកដ សម្រាប់សម្រួលដល់ការរស់នៅប្រចាំថ្ងៃ បានជាង៣០០គ្រួសារ ដែលពួកគាត់ទាំងអស់នោះ សុទ្ធសឹងមកពីបណ្តាស្រុកក្រុងមួយចំនួន ក្នុងខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន បានលើកឡើងថា ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាមជាបង ប្អូន កូន ក្មួយប្រជាពលរដ្ឋទូទាំងខេត្ត បើពលរដ្ឋមានទុក្ខលំបាកដោះស្រាយមិនមាន រត់មកពឹងពាក់ហើយ លោកមិនដែលធ្វើព្រងើយនោះទេ ជាក់ស្តែងប្រជាពលរដ្ឋ ជាង៣០០គ្រួសារខាងលើនេះ គឺពួកគាត់សុទ្ធសឹងមានជីវភាពខ្វះខាត មានមុខរបរមិនពិតប្រាកដ និងជនចាស់ជរាទីទ័លខ្លាំង មកពីបណ្តាស្រុកក្រុងមួយចំនួនក្នុងខេត្ត ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាមស្មើៗគ្នា។ លោកបានសង្កត់ធ្ងន់ថា អង្ករទាំងអស់នេះ បានមកតាមរយៈការចែករំលែក មួយផ្នែកពីលោក និងមួយផ្នែកពីសប្បុរសជនដែលមានធនធាន សម្រាប់ចែកជូនបងប្អូនដែលមានជីវភាពខ្វះខាត់ពិតប្រាកដ ដូច្នេះជាក់ស្តែងបើមានគឺត្រូវចែកជូន តែបើអត់យើងត្រូវគិតបន្តទៀត។
លោកអភិបាលខេត្ត បានបន្ថែមថា «យើងបានជួបជុំគ្នា មើលឃើញពីសមិទ្ធផលធំៗទូទាំងខេត្ត ក៏ដូចទូទាំងប្រទេសនាពេលនេះ គឺដោយសារសង្គមជាតិយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវប្រើប្រាស់សម្តីមាស សម្តីពេជ្រ ប្រកបដោយឥរិយាបទថ្លៃថ្នូរ ពីដូនតាបន្សល់មក បើខ្វះខាតពិតប្រាកដត្រូវសុំគេ និងត្រូវចេះរួមរស់នៅជាមួយគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក កុំទៅចោលគ្នា ចាត់ទុកយើងទាំងអស់គ្នាជាគ្រួសារតែមួយ»។
ក្នុងថ្ងៃដដែលនោះ លោកអភិបាលខេត្ត បានបន្តចូលរួមដោះស្រាយបញ្ហាប្រឈម និងទុក្ខកង្វល់ទៅតាមសំណូមពរប្រជាពលរដ្ឋ បានជាច្រើនករណីផ្សេងគ្នា នៅអាគារបូរាណសាលាខេត្តផងដែរ៕