(ភ្នំពេញ)៖ ដើម្បីឲ្យពិធីអបអរសាទរ ខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម «អឌ្ឍចន្ទក្រហម០៨ ឧសភា ២០១៩» នៅពេលខាងមុខ ដំណើរការទៅដោយរលូន នឹងទទួលបានជោគជ័យ រដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីត្រៀមកម្លាំងរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ឲ្យបានល្អប្រសើរក្នុងពិធីនេះ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមការចូលរួមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាឲ្យបាននូវដំណើរការ នៃអង្គពិធីប្រជុំប្រព្រឹត្តទៅដោយរលូន និងរក្សាឲ្យបានសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈជូនថ្នាក់ដឹកនាំ និងមហាជនចូលរួមក្នុងអង្គពិធី។
បើតាមគណៈកម្មាធិការ កាកបាទក្រហមកម្ពុជា ដើម្បីត្រៀមរៀបចំខួបទី១៥៦ បានឲ្យដឹងថា ទិវាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមប្រធានបទ «ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា-I Love Cambodian Red Cross»។
ទិវាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា និងអបអរខួប១០០ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហមអឌ្ឍចន្ទក្រហម (១៩១៩–២០១៩) នឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយមានវត្តមានឥស្សរជនថ្នាក់ដឹកនាំជាតិ-អន្តរជាតិ និងសប្បុរសជនចូលរួម ប្រមាណច្រើនពាន់នាក់៕