(ភ្នំពេញ)៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) សាខារាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលាស្តីពី «ការវិនិយោគហិរញ្ញវត្ថុ នៅក្នុងទីផ្សារប្តូររូបិយប័ណ្ណ» ក្រោមអធិបតីភាព លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង សាកលវិទ្យាល័យ CUS និងលោក CHRISTOPHER, Chief Executive Officer ក្រុមហ៊ុន ARONEX Co., Ltd. ។
ក្នុងពិធីនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ លោកបណ្ឌិត សឿ យ៉ាន បានថ្លែងថា សិក្ខាសាលានៅថ្ងៃនេះ មានគោលបំណងដើម្បីបញ្ជ្រាបចំណេះដឹង ស្តីពីការវិនិយោគហិរញ្ញវត្ថុ នៅក្នុងទីផ្សារប្តូររូបិយប័ណ្ណដល់សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតឲ្យមានការយល់ដឹងកាន់តែច្បាស់ថែមទៀត អំពីទិដ្ឋភាពទូទៅ នៃការវិនិយោគហិរញ្ញវត្ថុ នៅក្នុងទីផ្សារប្តូររូបិយប័ណ្ណនៅកម្ពុជា និងទំនាក់ទំនងទីផ្សារអន្តរជាតិ។
នេះក៏ជាវឌ្ឍនភាពថ្មីមួយទៀត ក្នុងការពង្រឹង ពង្រីក និងលើកកម្ពស់ការយល់ដឹងដល់សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតផងដែរ ដើម្បីឈានដល់ អភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យហិរញ្ញវ ត្ថុឲ្យបានកាន់តែច្រើន ថែមទៀត ជាពិសេសការបន្តផ្សព្វផ្សាយចែករំលែកជាព័ត៌មាន ក៏ដូចជាចំណេះដឹងផ្សេងៗ ដល់សាធារណជនឲ្យចូលរួមចំណែក ដល់ការអភិវឌ្ឍទីផ្សារប្តូររូបិយប័ណ្ណ នៅកម្ពុជា។
បន្ទាប់មកលោក CHRISTOPHER, Chief Executive Officer ក្រុមហ៊ុន ARONEX Co., Ltd. បានធ្វើបទបង្ហាញអំពីទីផ្សារប្តូររូបីយប័ណ្ណ (Introduction to Foreign Exchange Markets) ដែលទាក់ទងទៅនិងការធ្វើអាជីវកម្មនៃការប្តូរប្រាក់ ដើម្បីទទួលប្រាក់ចំណេញហើយទីផ្សារនេះ ចាំបាច់ត្រូវមានការចូលរួមពីរាជរដ្ឋាភិបាល ធនាគារ អ្នកការពារស្ថាប័នអាជីវកម្មប្តូរប្រាក់ និងអ្នកណែនាំ។ល។
លោកបានបញ្ជាក់ថា ការធ្វើអាជីវកម្មផ្នែកនេះ មាន៨រូបិយប័ណ្ណដែលជាមូលដ្នានចម្បងៗគឺ ទី១៖ប្រាក់ដុល្លារអាមេរិក, ទី២៖ប្រាក់អឺរូ, ទី៣៖ប្រាក់យ៉េន, ទី៤៖ប្រាក់ផោន, ទី៥៖ប្រាក់ដុល្លារអូស្ត្រាលី, ទី៦៖ប្រាក់ហ្រ្វង់ស្វីស, ទី៧៖ប្រាក់ដុល្លារកាណាដារ និង ទី៨៖ប្រាក់ដុល្លារញូហ្សែលែន។ល។ ហើយលោកក៏បានបង្ហាញពីរបៀបកំណត់ការប្រាក់ទៀតផង។
គួរជម្រាបថា សិក្ខាសាលាដ៏មានសារសំខាន់នេះ មានការចូលរួមពីនិស្សិតសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ចំនួន២០០នាក់ ដែលកំពុងសិក្សាជំនាញហិរញ្ញវត្ថុ និងធនាគារ សេដ្ឋកិច្ច គណនេយ្យ-ហិរញ្ញវត្ថុ ជំនាញគ្រប់គ្រង និងជំនាញពាក់ព័ន្ធផ្សេងៗទៀត។ ជារៀងរាល់ឆមាសសាកលវិទ្យល័យ តែងតែរៀបចំសិក្ខាសាលា ក្នុងគោលបំណងបង្កើនចំណេះដឹង ដល់និស្សិត និងទទួលយកនូវបទពិសោធន៍ល្អៗ ពីវាគ្មិនល្បីៗផងដែរ។
ក្នុងពិធីបិទលោកបណ្ឌិតសាកលវិទ្យាធិការរង បានផ្តោតជាសំខាន់ថា ការវិនិយោគហិរញ្ញវត្ថុនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់សង្គមជាតិដូចជា ជួយជំរុញឲ្យប្រជាជនចេះ មានសមត្ថភាពអាចបង្កើននូវការសន្សំ ប្រមូលផ្តុំមូលធនដែលមានតិចតូច ទៅជាមូលធនធំមួយដើម្បីវិនិយោគ នៅក្នុងវិស័យសេដ្ឋកិច្ចរូបវ័ន្ត ជួយជំរុញឲ្យប្រភពមូលធន ក្នុងស្រុកមានចរាចររស់រវើក និងមានតម្លាភាព ជួយស្រូបយកមូលធនពីបរទេស ជាពិសេសជួយសម្រួដល់រាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
ជាចុងក្រោយលោកបណ្ឌិត បានណែនាំ និងលើកទឹកចិត្តនិស្សិតឲ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការសិក្សា និងស្រលាញ់លើមុខវិជ្ជាកំពុងសិក្សា ហើយព្យាយាមដើម្បីអភិវឌ្ឍខ្លួនក្លាយជាអ្នកដឹកនាំនាពេលខាងមុខ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យឯកទេស នៃកម្ពុជា ដែលជាសាកលវិទ្យាល័យឈានមុខ លើការបណ្តុះបណ្តាលមួយនៅកម្ពុជា តែងតែបើកវេទិកាកៀរគរ អ្នកជំនាញផ្សេងៗ ទៅធ្វើបទបង្ហាញលើជំនាញ និងបទពិសោធន៍ក្នុងការងាររបស់ពួកគេ ដើម្បីផ្តល់បំនិនជីវិត និងចំណេះដឹងដល់និស្សិតបន្ថែម ពីលើអ្វីដែលពួកគេបានសិក្សា។
CUS មាន៨ទីតាំង ដែល២ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងទៀតនៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត។ តាមការធ្វើអង្កេតរបស់ការិយាល័យទីផ្សារ និងគាំពារនិស្សិតបានបង្ហាញថា និស្សិតដែលបានបញ្ចប់ការសិក្សា និងនិស្សិតកំពុងសិក្សា មានការងារធ្វើរហូតដល់ជាង៨៥% ហើយឆ្នាំសិក្សាថ្មីនេះ សាកលវិទ្យាល័យទទួលបានកំណើននិស្សិតថ្មីគួរឲ្យកត់សម្គាល់។ លទ្ធផលនេះ បានបង្ហាញថានិស្សិត CUS ទទួលបានការងារធ្វើក្នុងអត្រាមួយខ្ពស់ សម្រាប់ការងារទីផ្សារក្នុងប្រទេស៕