Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះសីហនុ អំពាវនាវឲ្យពលរដ្ឋ ចូលរួមសំអាតអនាម័យបរិស្ថាន

29-04-2019 12:28

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តន៍ការងារបន្ត សម្រាប់ខែឧសភា ឆ្នាំ២០១៩។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាព លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមទាំង លោកអភិបាល អភិបាលរង ក្រុង ស្រុក លោកប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញ ខេត្តព្រះសីហនុជាច្រើនស្ថាប័នទៀត។

នាឱកាសនោះ លោក យន្ត មីន បានលើកសរសើរចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានបំពេញការងារទទួលបានជោគជ័យនាពេលកន្លងមក។ លោកក៏បានជំរុញឲ្យមន្ត្រីរាជការតាមមន្ទីរ អង្គភាពនានា និងកងកម្លាំងប្រដាប់អាវុធ ខេត្តព្រះសីហនុ ត្រូវរួមសហការគ្នាបំពេញកិច្ចការ ចំពោះមុខឲ្យបានល្អថែមទៀត។

លើសពីនេះ លោកអភិបាលខេត្ត ក៏ស្នើដល់មន្ត្រីរាជការស្ថាប័នពាក់ព័ន្ធ ត្រូវចុះអប់រំ និងសហការជាមួយប្រជាពលរដ្ឋ ឲ្យចូលរួមលើការងារថែរក្សាអនាម័យបរិស្ថាន ជាពិសេសសំរាម ឲ្យបានស្អាត ដើម្បីរក្សាសោភ័ណភាពក្រុងទេសចរណ៍មួយនេះ ឲ្យបានប្រសើរថែមទៀត។

គួរជម្រាបថា នៅថ្ងៃទី ២៨ ខែមេសាម្សិលមិញនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីស្ថាប័នជំនាញមួយចំនួន ចុះពិនិត្យនៅតាមឆ្នេរ អូរ ឬប្រឡាយបង្ហូរទឹកស្អុយ និងផ្លូវមួយចំនួន ដែលរដ្ឋបាលខេត្តកំពុងស្ថាបនា។ ព្រមជាមួយគ្នានេះ លោកអភិបាល ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិព្យុះភ្លៀងបោកបក់ បណ្តាលឲ្យខូចខាតលំនៅដ្ឋាន របស់មួយចំនួន ហើយបានផ្តល់ជូនថវិកាខ្លះ ជូនប្រជាពលរដ្ឋរងគ្រោះ ដើម្បីជួសជុលផ្ទះផងដែរ៕