អនុប្រធានទី១ក្រុមការងារ ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ផ្តល់ការឧបត្ថម្ភលើកទឹកចិត្តដល់ ក្រុមកីឡាករបាល់ទាល់នៅខណ្ឌមានជ័យ
29-04-2019 12:23
(ភ្នំពេញ)៖ លោកស្រី ទាវ ធីតា អនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ បានជួយឧបត្ថម្ភ ជាអំណោយ មួយចំនួន ជូនទៅដល់ក្រុមកីឡាករបាល់ទាល់ នៅខណ្ឌមានជ័យ ដើម្បីជាការលើកទឹកចិត្តឲ្យប្អូនៗកាន់តែមាន កម្លាំងចិត្តហ្វឹនហាត់ ដើម្បីចូលរួមការប្រកួតឲ្យទទួលបានជោគជ័យ គ្រប់ការប្រកួត។
កញ្ញា ណា ណា តំណាងលោកស្រី ទាវ ធីតា អនុប្រធានទី១ក្រុមការងារ ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងជាភរិយាលោក ថោង សារ៉ាត់ បានផ្តល់ អំណោយសប្បុរសធម៌ នូវថវិកាចំនួន១លានរៀល និងសំភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀត ជូនដល់ក្រុមកីឡាករបាល់ទាល់នៅខណ្ឌមានជ័យ។
កញ្ញា ណា ណា បានលើកយកការផ្តាំផ្ញើពីលោកស្រី ទាវ ធីតា ក៏បានលើកទឹកចិត្តសូមឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព និងខិតខំប្រឹងប្រែងក្នុងវិស័យកីឡា ឲ្យបានល្អ ដើម្បីជាការលើកមុខមាត់ ដល់ប្រទេសជាតិកម្ពុជា ឲ្យឆាកអន្តរជាតិមើលឃើញថា វិស័យកីឡានៅកម្ពុជា មិនចាញ់ប្រទេសជិតខាងនោះឡើយ។
សូមបញ្ជាក់ថា លោកស្រី ទាវ ធីតា ក្រៅពីការលើកទឹកចិត្ត និងផ្តល់អំណោយជូនកីឡាករនាពេលនេះ ជានិច្ចការលោកស្រី ក៏តែងតែយកចិត្តទុកដាក់ដល់ជនចាស់ជរា គ្មានទីពឹង គ្រួសារ ក្រីក្រជានិច្ច គឺលោកស្រី តែងតែផ្តល់ នូវជំនួយជាអំណោយនូវគ្រឿងឧបភោគ និងគ្រឿងបរិភោគផ្សេងៗ រួមនឹងថវិការជាដើម៕