(រតនគិរី)៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានប្រកាសតែងតាំងលោក ធូ ឃឿ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៤ ឲ្យកាន់តំណែងអភិបាលស្រុកអូរជុំ ជំនួសលោកស្រី ហឿង ឃឿង ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ៣ អតីតអភិបាលស្រុកអូរជុំ ឲ្យទៅបម្រើការងារនៅសាលាខេត្តរតនគិរី។
លោក ធូ ខឿ អភិបាលស្រុកអូរជុំដែលប្រកាសតែងតាំងថ្មី បានប្តេជ្ញាចិត្តដោយសម្តែងការគោរពកតញូតាធ៌មដ៏ខ្ពស់ឧត្តមជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលសម្តេចទាំងទ្វេបានគាំទ្រ និងផ្តល់សេចក្តីទុកចិត្តតែងតាំងរូបលោកជាអភិបាលស្រុកអូរជុំ។
លោក ធូ ឃឿ បន្តថា គោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតគតិយុត្តខ្ជាប់ខ្ជួន, ចូលរួមអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល នីតិកាលទី៦ ដោយភក្តីភាព និងមនសិការខ្ពស់, អនុវត្តអភិក្រមរបស់សម្តេចតេជោ ហ៊ុន ដូចជាក្នុងនាមជាមន្ត្រីត្រូវធ្វើខ្លួនជាអ្នកបម្រើរាស្ត្រ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់» ធ្វើជាមន្ត្រីជើង២។
មានមតិសំណេះសំណាលក្នុងពិធីខាងលើនេះដែរ លោក ថង សាវុន បានលើកឡើងពីគុណសម្បត្តិរបស់លោកស្រី ហឿង ឃឿង អតីតអភិបាលស្រុកអូរជុំ ដែលមានកិច្ចសហការណ៍ល្អជាមួយអាជ្ញាធរខេត្ត ទោះបីលោកស្រីទៅបម្រើការងារនៅសាលាខេត្ត នឹងបន្តកិច្ចការងារជាមួយគ្នាដដែល។
បន្ថែមលើនេះលោកអភិបាលខេត្ត ក៏បានណែនាំលោកអភិបាលស្រុកទើបតែងតាំងថ្មី ត្រូវមានទំនាក់ទំនងល្អជាមួយមន្ត្រីក្រោមឱវាទ, កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, ជាអ្នកបម្រើរាស្ត្រ, ត្រូវខិតខំបំពេញចំណេះបន្ថែម និងតាមដានព័ត៌មានជាប្រចាំ។
លោក ថង សាវុន បញ្ជាក់ទៀតថា សូមឲ្យអាជ្ញាស្រុកគ្រប់គ្រងឲ្យបានបញ្ហាជំលោះដីធ្លី, បញ្ហាគ្រប់គ្រងបងតូចបងធំ, បញ្ហាគ្រឿងញឿនព្រោះភូមិសាស្ត្រស្រុកអូរជុំវិសាលភាពធំទូលាយ មានព្រៃមានភ្នំពិបាកគ្រប់គ្រង ដូច្នេះត្រូវប្រីប្រាស់កម្លាំងសរុប យន្តការសរុបដើម្បីរក្សាសេចក្តីសុខជូនប្រជាពលរដ្ឋ៕