(ភ្នំពេញ)៖ លោក ចារ៉េ ប៉ុកប៉ា Jarae Pokpa មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកត្រួតពិនិត្យគ្រឿងញៀន នៃស្ថានទូតថៃ ប្រចាំកម្ពុជា បានបញ្ជាក់ថា ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ គាំទ្រយ៉ាងពេញ ទំហឹងដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ដើម្បីរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការត្រួតពិនិត្យសារធាតុគីមីផ្សំ ដើម្បីជាដំណោះស្រាយត្រង់ចំពោះឬសគល់ នៃការកកើតមាននូវសារធាតុគ្រឿងញៀន ដែលបន្តកើតមាននៅកម្ពុជា។

ការបញ្ជាក់បែបនេះរបស់លោក បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោករួមជាមួយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យ សារធាតុញៀន និងសារធាតុគីមីផ្សំ» សម្រាប់មន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធដោយមានការចូលរួមពី មន្ត្រីនគរបាលខេត្ត មន្រ្តីកងរាជអាវុធហត្ថខេត្ត មន្ត្រីគយ មន្ត្រីនគរបាលអន្តោប្រវសន៍ច្រកទ្វារ មន្រ្តីមកពីក្រសួងឧស្សាហកម្ម មន្ត្រីមកពីក្រសួងសុខាភិបាល មន្រ្តីមកពី CDC។

លោកបានថ្លែងថា បញ្ហាគ្រឿងញៀនបានរីករាលដាលយ៉ាងខ្លាំងនៅក្នុងពិភពលោក ហើយបច្ចុប្បន្ននេះ ប្រទេសកម្ពុជា ក៏ដូចជាសមាជិក ប្រទេសអាស៊ានដទៃទៀត បានទទួលរងគ្រោះជាមួយនឹងការកើនឡើង អ្នកប្រើប្រាស់គ្រឿងញៀន ហើយគ្រឿងញៀនដែល ចរាចរខុសច្បាប់ចេញ ពីប្រភពផ្សេងៗ ដូចជាតំបន់ត្រីកោណមាស តំបន់អឌ្ឍច័ន្ទមាស និងតំបន់អាហ្វ្រិចខាងត្បូង ចូលមកក្នុងតំបន់ទាំងមូលផងដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ តំបន់អាស៊ានទាំងមូលកំពុងជួបប្រទះបញ្ហាជាច្រើនពាក់ព័ន្ធនឹងគ្រឿងញៀនសំយោគដូចជា មេតំហ្វេតាមីនគ្រីស្តាល់ ឬយើងហៅថា Ice មេតំហ្វេតាមីនគ្រាប់ ឬយើងហៅថា YABA អ៊ិចស្តាស៊ី កេតាមីន ដែលអាចផលិតបានយ៉ាងច្រើន នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា នៅក្នុងពិភពលោក ហើយមានតែសារធាតុគីមីផ្សំប៉ុណ្ណោះទេដែលអ្នកគីមីវិទ្យា បានដឹងច្បាស់ជាមួយនឹងឧបករណ៍សម្ភារសំខាន់ៗ សម្រាប់បម្រើឱ្យការផលិត។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា កម្ពុជា-ថៃ កំពុងសហការគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីអនុវត្តផែនការអនុវត្តន៍ សកម្មភាព សុវត្ថិភាពទន្លេមេគង្គ ដែលមានប្រទេសចំនួន៦បានចូលរួម ដោយក្នុងនោះមានគោលដៅចំនួន៣ ដែលប្រទេសនៅតំបន់ទន្លេមេគង្គ រួមមានទី១៖ មិនឱ្យសារធាតុញៀនដែលផលិតនៅក្នុងតំបន់ត្រីកោណមាស ត្រូវបានចរាចរ នៅជុំវិញប្រទេសនៅក្នុងតំបន់ត្រីកោណមាស, ទី២៖ ទប់ស្កាត់កុំឱ្យមានសារធាតុគីមីផ្សំដែលនាំចូលក្នុងទម្រង់ស្របច្បាប់ ទៅកាន់តំបន់ផលិតគ្រឿងញៀនខុសច្បាប់ និងទី៣៖ ត្រូវខិតខំបង្កើតនូវយន្តការក្នុងការត្រួតពិនិត្យតាមរយៈការរៀបចំប៉ុស្តិ៍ត្រួតពិនិត្យជាវីដេអូ និងកសាងភូមិ «ស» នៅតាមតំបន់ព្រំដែន។

នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា ដូច្នេះដើម្បីឆ្លើយតបទៅនឹងសភាពការណ៍គ្រឿងញៀន ក៏ដូចជាការចរាចរនូវសារធាតុ គីមីផ្សំនាពេលបច្ចុប្បន្ន មន្ត្រីអនុវត្តច្បាប់គ្រប់រូបគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់សមត្ថភាព ចំណេះដឹងរបស់ខ្លួន សម្រាប់បម្រើឱ្យការចូលរួម ចំណែកទប់ស្កាត់ បង្ក្រាបបទល្មើស ជួញដូរ ផលិត និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ទាំងឡាយដែលនឹងអាចកើតមាននៅលើទឹកដីកម្ពុជា។ ជាពិសេសតម្រូវឱ្យយើងទាំងអស់គ្នា ត្រូវធ្វើការកែលម្ដែ និងរៀបចំជាយន្តការសំខាន់ៗ សម្រាប់ប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន ពាក់ព័ន្ធការគ្រប់គ្រង ត្រួតពិនិត្យការប្រើប្រាស់ការរក្សាទុកនូវសារធាតុញៀន សារធាតុគីមីផ្សំទាំងពេលបច្ចុប្បន្ន និងតទៅអនាគត ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក៕