(កំពង់ចាម)៖ លោក មួន វាសនា ទីប្រឹក្សាសម្ដេច ពញាចក្រីហេង សំរិន និងជាប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យ UME បានថ្លែងថា សកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច UME សាខាខេត្តកំពង់ចាម នឹងបញ្ជូននិស្សិតអាហារូបករណ៍ទៅសិក្សា នៅប្រទេសចិន ចំនួន៧-៩នាក់ទៀត ក្រោយពីបានបញ្ជូននិស្សិតចំនួន៧នាក់ទៅសិក្សា នៅប្រទេសចិនរួចមកហើយនោះ។
លោក មួន វាសនា បានថ្លែងដូច្នេះ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម ខណៈលោក-លោកស្រី ចូលរួមជាអធិបតី ក្នុងពិធីផ្សព្វផ្សាយព័ត៌មាន ដល់និស្សិតសាកលវិទ្យាល័យ UME នឹងធ្វើបទបង្ហាញអំពីរបៀប ដាក់ពាក្យប្រឡងយកអាហារូបករណ៍ទៅសិក្សា នៅប្រទេសចិននាពេលខាងមុខ។
លោក មួន វាសនា បានថ្លែងថា ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៩ និស្សិតដែលមានបំណងប្រលងអាហារូបករណ៍ទៅសិក្សា នៅប្រទេសចិន បង្រៀនដោយអ្នកស្រី សុង វិនធីង សាស្ត្រាចារ្យមកពីប្រទេសចិន អាចចាប់ផ្ដើម សិក្សាភាសាចិន ចាប់ពីថ្ងៃនេះតទៅ គិតរហូតដល់ថ្ងៃប្រឡង មានរយៈពេលពីរខែ ដូច្នេះបើនិស្សិតណាមានភាពឆ្លាតវៃ និងអាចមានសមត្ថភាពប្រឡងជាប់អាហារូបករណ៍ទៅសិក្សា នៅប្រទេសចិនមិនខានឡើយ។
លោក មួន វាសនា បានថ្លែងបន្តថា ប្រទេសដែលមានភាពរីកចម្រើនជឿន លឿន គឺរំពឹងទៅលើធនធានមនុស្សជាចំបង ហេតុដូច្នេះហើយ ទើបលោកចង់ជំរុញឲ្យនិស្សិត នៅសកលវិទ្យាល័យ UME បានទទួលអាហារូបករណ៍ ទៅសិក្សានៅបរទេសឲ្យបានច្រើន ដើម្បីក្រេបយកចំណេះដឹង ឲ្យក្លាយខ្លួនទៅជាធនធានមនុស្សដ៏ល្អ សម្រាប់មកអភិវឌ្ឍនៅប្រទេសកម្ពុជារបស់យើង។
សូមបញ្ជាក់ថា សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម និងចាប់បើកបង្រៀនថ្នាក់ភាសាចិន ខែ០៥ ខាងមុខនេះ ដើម្បីជ្រើសរើសនិស្សិត UME កំពង់ចាម ទៅរៀនប្រទេសចិន ខែមិថុនា ឆ្នាំ២០១៩៕