(ព្រះវិហារ)៖ ផ្ទះគំរូគ្រួសារកងទ័ពចំនួន ៩០ខ្នង និងសាលប្រជុំអគារមហោស្របទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មួយខ្នង បានរងការខូចខាតដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់ (លាយឡំភ្លៀងផ្គររន្ទះ) ដោយបានធ្វើឱ្យរលំ រាបដល់ដីចំនួន ៨ខ្នង ប៉ើងរបើកដំបូលចំនួន ៨៣ខ្នង កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសាស្ត្រឃុំរំដោះស្រែ និងឃុំយាង ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះថា ផ្ទះគំរូគ្រួសារកងទ័ព ដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់សរុប ៩០ខ្នង ក្នុងនោះរួមមាន៖ ផ្ទះរបបគំរូគ្រួសារទ័ព ដែលស្ថិតក្នុងឃុំយាងមាន កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ចំនួន២ខ្នង រលំដល់ដី និង៣៨ខ្នងទៀតរបើកដំបូលក្បឿង។ ផ្ទះរបបគំរូគ្រួសារទ័ពកងពលលេខ១ ចំនួន៣ខ្នង រលំដួលដល់ដី និង១៧ខ្នងទៀត របើកដំបូល។
ដោយឡែកផ្ទះគំរូកងទ័ព ស្ថិតក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ដែលរងការខូចខាតមាន ២៩ខ្នង ក្នុងនោះរលំដល់ដី២ខ្នង និងរបើកដំបូល២៧ខ្នង។ ស្របពេលជាមួយសាលប្រជុំអគារមហោស្រប ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មួយខ្នងទំហំ៣០ម៉ែត្រX៥០ម៉ែត្រ ក៏រលំដល់ដីផងដែរ ដោយសារឥទ្ធិពលខ្យល់កន្រ្តាក់ លាយឡំភ្លៀងផ្គររន្ទះនេះ។ លោកបានបញ្ជាក់ថា ក្នុងហេតុការខ្យល់កន្ត្រាក់នេះ ពុំបណ្តាលឱ្យមនុស្ស ឬសត្វរងគ្រោះថ្នាក់នោះទេ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បាននាំអំណោយមនុស្សធម៍របស់កាកបាទក្រហមកម្ពុជា ចុះចែកជូនប្រជាពលរដ្ឋ ដែលជាគ្រួសារកងទព័ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះសំបែងចំនួន៥៨គ្រួសារ។ លុះពេលល្ងាចឡើង ខ្យល់កន្ត្រាក់បានវាយបោកបក់បណ្តាលឱ្យខូចខាតផ្ទះសំបែង ប្រជាពលរដ្ឋចំនួន៩០ខ្នងទៀត សរុបទាំង២លើកនេះផ្ទះប្រជាពលរដ្ឋ ដែលជាគ្រួសារកងទព័ចំនួន១៤៨ខ្នង និងអាគារសាលប្រជុំកងពលធំអន្តរាគមន៍លេខ៣មួយខ្នង បានរងការខូចខាតដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ៕