(ភ្នំពេញ)៖ លោក ឌីង យ៉ុងជុន (Ding Yong Jun) អគ្គនាយកក្រុមហ៊ុន ម៉ ហ្គេនហ្វត អិនវេសមិន (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុនរបស់ចិន បាននឹងកំពុងវិនិយោគ លើវិស័យសំណង់ ក្នុងប្រទេសកម្ពុជា បានបង្ហាញពីភាពពេញចិត្ត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ និងជួយសម្រួលដល់ដំណើរការ វិនិយោគរបស់ក្រុមហ៊ុនបរទេស នៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងបែបនេះ របស់លោកអគ្គនាយក បានធ្វើឡើងនៅក្នុងកម្មវិធីប្រគល់រង្វាន់ ជូនបុគ្គលិកឆ្នើម និងចែករំលែក អំពីគម្រោងរបស់ក្រុមហ៊ុន ម៉ ហ្គេន ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩។
លោក ឌីង យ៉ុងជុន ក៏បានមើលឃើញថា កម្ពុជាបាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ។ លោកបានចាត់ទុកថា រាជធានីភ្នំពេញ គឺជាទីក្រុង សម្រាប់ដំណើរទស្សនកិច្ចអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។
លោក ឌីង យ៉ុងជុន បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមសន្និសីទកំពូល នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ខ្សែក្រវាត់ និងផ្លូវ លើកទី២ ហើយប្រទេសទាំងពីរ (កម្ពុជា-ចិន) មានទំនាក់ទំនងគ្នា ជាប្រចាំកម្រិតខ្ពស់ និងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រកបដោយផ្លែផ្កា។
ស្របទៅតាមទំនាក់ទំនងយ៉ាងជិតស្និទ រវាងកម្ពុជា-ចិន, លោកអគ្គនាយកក្រុមហ៊ុន ម៉ ហ្គេន បានប្តេជ្ញាដើរតាមគន្លង នៃការដឹកនាំរបស់រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍនៅកម្ពុជា។ លោក ក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ និងជួយសម្រួល ដល់ដំណើរការវិនិយោគ របស់ក្រុមហ៊ុនបរទេស និងក្នុងស្រុកទាំងអស់ ដែលកំពុងវិនិយោគ នៅក្នុងប្រទេសកម្ពុជា៕