(ភ្នំពេញ)៖ លោក ឃូ វុឍ្ឍី តំណាងលោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ប្រាក់យ័នរបស់ចិនមិនត្រូវបានលើកទឹកចិត្ត និងអនុញ្ញាតិឲ្យចរាចរណ៍ក្នុងទីផ្សារកម្ពុជានោះឡើយ គឺគ្រាន់តែគាំទ្រឲ្យទូទាត់ក្នុងប្រព័ន្ធធនាគារប៉ុណ្ណោះ។
លោកបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះមានធនាគារចំនួន១៥ បាននិងកំពុងប្រតិបត្តិទូទាត់ប្រាក់យ័ននៅកម្ពុជា។
ការពន្យល់របស់មន្រ្ដី ជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា អំពីការប្រើប្រាស់ប្រាក់យ័ននាពេលនេះ គឺដើម្បីបញ្ជៀសការយល់ច្រឡំពីប្រជាពលរដ្ឋ ដោយអាចនឹងយល់ច្រឡំថា ប្រាក់យ័នត្រូវបានប្រើប្រាស់ដោយទូលំទូលាយ លើទីផ្សារប្រទេសកម្ពុជា ដូចប្រាក់ដុល្លារ។
លោក ឃូ វុឍ្ឍី បានពាំនាំសម្តីរបស់លោកស្រី ជា សិរី បានឲ្យដឹងថា ប្រាក់យ័នត្រូវបានសំរួលឲ្យមានការទូទាត់ក្នុងធនាគារចំនួន១៥ ក្នុងនោះមានធនាគារ ICBC ធនាគារ Bank of China ជាដើម។ លើសពីនេះក៏អនុញ្ញាតិឲ្យមានការទូទាត់តាមប្រព័ន្ធ We Chat, Alipay និង Union Pay តែប៉ុណ្ណោះ ពោល គឺមិនមានការអនុញ្ញាតឲ្យប្រើប្រាស់ជាសាធារណៈ ដូចប្រាក់ដុល្លារនោះឡើយ។
ការគាំទ្រឲ្យមានការទូទាត់តាមប្រព័ន្ធធនាគារ និងទូទាត់តាមប្រព័ន្ធ We Chat, Alipay និង Union Pay ដើម្បីលើស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ព្រោះថាភ្ញៀវទេសចរមកដំណើរកំសាន្ដនៅកម្ពុជា ប្រមាណ៦០% ជាជនជាតិចិន។
លោកបញ្ជាក់ទៀតថា បន្ថែមពីធនាគារទាំង១៥ ដែលកំពុងប្រតិបត្តិការទូទាត់ជាប្រាក់យ័ននៅកម្ពុជានេះ ក៏មានធនាគារប្រមាណជា១២ទៀតមានបំណង ធ្វើប្រតិបត្តិការជាប្រាក់យ័នផងដែរ។ តែទោះបីជាយ៉ាងដូច្នេះក្ដី ក៏រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងធនាគារជាតិនៃកម្ពុជានៅតែបន្ដ និងពង្រឹងការប្រើប្រាស់ប្រាក់រៀលរបស់ខ្លួន៕