(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះថា កងទ័ពត្រូវគោរព និងអនុវត្តបទបញ្ជាថ្នាក់លើឱ្យបានម៉ឺងម៉ាត់ ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ និងត្រូវហ៊ានលះបង់គ្រប់បែបយ៉ាង។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់តាមបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «កងទ័ពត្រូវតែគោរព និងអនុវត្តបទបញ្ជារបស់ថ្នាក់លើឱ្យបានម៉ឺងម៉ាត់ ទោះជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ និងត្រូវហ៊ានលះបង់គ្រប់បែបយ៉ាង»។
សារនយោបាយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញឡើងស្របពេលដែល ក្រសួងការពារជាតិ ត្រៀមធ្វើកំណែទម្រង់ស៊ីជម្រៅទៅលើវិស័យយោធានៅកម្ពុជាជាថ្មីម្តងទៀត។
កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ពីទីក្រុងប៉េកាំង ប្រទេសចិន ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើកំណែទម្រង់ស៊ីជម្រៅចំពោះក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលជាក្រសួងគ្រប់គ្រងលើកម្លាំងកងទ័ព និងកម្លាំងនគរបាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា នៅថ្ងៃអនាគតខាងមុខនេះទៀត ក្នុងជួរកងទ័ពមានតែរដ្ឋមន្រ្តីការពារជាតិ និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទប៉ុណ្ណោះ ដែលពាក់ផ្កាយ៤, ត្រឹមអគ្គមេបញ្ជាការរង និងអគ្គនាយកនៃអគ្គនាយកដ្ឋាននានា ត្រូវពាក់ផ្កាយ៣, អគ្គនាយករងពាក់ត្រឹមផ្កាយ២ប៉ុណ្ណោះ។ មេបញ្ជាការកងទ័ពជើងគោក ជើងអាកាស ជើងទឹក គឺពាក់ត្រឹមផ្កាយ៣ និងតាមបណ្តាមេបញ្ជាការភូមិភាគនានា ផ្តល់ត្រឹមផ្កាយ២។ ដោយឡែកអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទទាំងអស់ នឹងត្រូវពាក់ត្រឹមផ្កាយ៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា នៅពេលខាងមុខមន្រ្តីថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ដែលពាក់ផ្កាយ៤ និងទម្លាក់មកត្រឹមផ្កាយ៣ លើកលែងតែមន្រ្តីចាស់ៗមួយចំនួនប៉ុណ្ណោះរក្សាទុកផ្កាយ៤។ ពាក់ព័ន្ធនឹងកំណែទម្រង់នេះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដែរថា នឹងធ្វើកំណែទម្រង់លើកម្លាំងនគរបាលផងដែរ ហើយទាំងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ នឹងសិក្សាលម្អិតបន្ថែមលើការកែទម្រង់នេះ៕