(ភ្នំពេញ)៖ សភាកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ នៃសភានិយាយភាសាបារាំង ហៅកាត់ថា APF ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះ។
កិច្ចប្រជុំ APF នឹងមានការអញ្ជើញចូលរួមពីគណៈប្រតិភូសភានៃបណ្ដាប្រទេសនិយាយភាសាបារាំង ចំនួនប្រមាណ៤០រូប មកពី១៥ប្រទេស។
ពិធីបើកកិច្ចប្រជុំនេះ នឹងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកបណ្ឌិត ប៉ែន បញ្ញា ប្រធានក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង និងដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូសភានៃបណ្ដាប្រទេសនិយាយភាសាបារាំង សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា តំណាងអង្គទូតនៃប្រទេសជាសមាជិកសភានិយាយភាសាបារាំង(APF) តំណាងអង្គការជាតិ អន្តរជាតិ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ។ នេះបើតាមសេចក្តីជូនដំណឹងខាងលើ។
រដ្ឋសភាកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំនេះ មានសារៈសំខាន់ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែ ស៊ីជម្រៅបន្ថែមទៀត នៅក្នុងគ្រួសារ APF ហើយក៏ជាឱកាសដ៏ល្អសម្រាប់តំណាងប្រជា-ពលរដ្ឋមកពីគ្រប់ទិសទីនៅលើពិភពលោក រួមគ្នាត្រួតពិនិត្យលទ្ធផលដែលបានអនុវត្តនាពេលកន្លងមក ធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនាទាន លើប្រធានបទសំខាន់ៗដែលជាបញ្ហាសកល ជាអាទិ៍ដូចជា៖
* ការពិនិត្យមើលសកម្មភាពរបស់អង្គការ (AFD) ទាក់ទងនឹងការអភិវឌ្ឍជាចីរភាពនៅព្រះរាជាណាចក្រកម្ពុជា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសនិយាយភាសាបារំាង
* បទបង្ហាញ និងការពិនិត្យលើសេចក្តីព្រាងរបាយការណ៍ និងសេចក្តីសម្រេច ស្តីពីអំពើពុករលួយជាឧបសគ្គដល់ការអភិវឌ្ឍ
* ការប្រើប្រាស់ឌីជីថល នៅក្នុងតំបន់និយាយភាសាបារំាង
* ផលប៉ះពាល់នៃបដិវត្តន៍ឌីជីថលលើការងារនៅក្នុងលំហនៃប្រទេសនិយាយបារាំង
* ការបាត់បង់ និងការខ្ជះខ្ជាយចំណីអាហារ។
សូមជម្រាបថា គណៈកម្មការសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ជាគណៈកម្មការមួយក្នុងចំណោមគណៈកម្មការជំនាញចំនួន៥ទៀត របស់សភានិយាយភាសាបារាំងAPF។ សភានិយាយភាសាបារាំង (APF) បានបង្កើតឡើងនៅឆ្នាំ១៩៦៧ មកទល់នឹងពេលនេះ APF មានសមាជិកជាង ៨០ក្រុមសភាជាតិ និងបានផ្លាស់វេនគ្នារៀបចំកិច្ចប្រជុំគណៈកម្មការនីមួយៗ ជាទៀងទាត់៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងទាំងស្រុងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា៖