(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថា ភ្នាក់ងារសន្ដិសុខឯកជន ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីចូលរួមចំណែកការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ជាមួយកងកម្លាំងមានសមត្ថកិច្ចនៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី១៥ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបញ្ជាក់ថា ភ្នាក់ងារសន្ដិសុខឯកជន ពុំមែនមានតួនាទីត្រឹមតែជាអ្នកការពារទ្រព្យសម្បត្តិឯកជន ឬសហគ្រាសគ្រឹះស្ថាននានាប៉ុណ្ណោះទេ តែក៏ជាអ្នកការពារទ្រព្យសម្បត្តិសាធារណៈ សន្ដិសុខសង្គមអាយុជីវិរបស់ប្រជាពលរដ្ឋ និងជាពិសេសកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់បង្ក្រាបបទល្មើសនានា និងការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
ដោយសារមើលឃើញកត្តាទាំងនេះហើយ ទើបអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការធ្វើការ រៀបចំវគ្គបំប៉នជំនាញនេះឡើង ក្នុងគោលបំណងគឺស្វែងយល់អំពីភារកិច្ច និងកាតព្វកិច្ចរបស់វិស័យសន្ដិសុខឯកជន និងនគរបាលជាតិ លើការងារថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់ ពង្រឹងសមត្ថភាពភ្នាក់ងារសន្ដិសុខឯកជន ឲ្យកាន់តែល្អប្រសើរឡើង សម្ដៅធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារសន្ដិសុខសង្គម។
យ៉ាងណាមិញ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានពន្យល់ផងដែរថា ពាក្យថាកម្លាំងជំនួយ គឺត្រូវចាំថាខ្លួនមិនមែនជាសមត្ថកិច្ចទេ ដូច្នេះមិនត្រូវធ្វើអ្វី ឲ្យលើសពីតួនាទីរបស់ខ្លួនឡើយ ហើយត្រួវសម្រួលសហការជាមួយសមត្ថកិច្ចគ្រប់ពេលវេលា ហើយលោកអះអាងថា ការរារាំងណាមួយ ឬការអនុវត្តតួនាទី លើសពីភារកិច្ចរបស់ខ្លួន អាចនាំឲ្យកើតមានជាបទល្មើសផ្សេងមួយទៀត។
ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ក៏បានលើកទឹកចិត្តឲ្យ ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ សូមរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន នៅរាល់គ្រប់បទល្មើស ដែលកើតមានឡើងនៅតាមគោលដៅ ដែលខ្លួនកំពុងតែយាមកាម ហើយព័ត៌មានទាំងអស់នឹងត្រូវរក្សាការសម្ងាត់ជូន ព្រមទាំងផ្ដល់នូវរង្វាន់លើកទឹកចិត្តផងដែរ។
ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវតែមកទទួលការបណ្ដុះបណ្ដាលជំនាញ ភ្នាក់ងារសន្ដិសុខឯកជននេះ ស្របតាមអនុក្រឹត្យលេខ២៨៩ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្ដិសុខឯកជន និងសេចក្ដីណែនាំលេខ ០៣៣ សណន ស្ដីពីការពង្រឹងវិធានការគ្រប់គ្រងសន្ដិសុខឯកជន៕