(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសស្រាល៥នាក់ និងរបួសធ្ងន់១៥នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៥គ្រឿង, រថយន្តតូច៩គ្រឿង និងយានផ្សេងៗ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង និងកត្តាយាន។
សូមបញ្ជាក់ថា រយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង៣៩២លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៩៣នាក់ របួសធ្ងន់៤៣០នាក់ និងរបួសស្រាល១៩៤នាក់៕