(ភ្នំពេញ)៖ លោកស្រី សរ ម៉ុន្ថា នាយិកាមណ្ឌមអប់រំកុមារតូច ស៊ីជីដាកម្ពុជា បានលើកឡើងថា ការអប់រំកូនជាដំបូងត្រូវបង្រៀនឲ្យពួកគេចេះដឹងនាំខ្លួនឯងជាមុនសិន ហើយអ្វីដែលសំខាន់ទៀតនោះ គឺឪពុកម្តាយត្រូវតែធ្វើជាគំរូដល់ពួកគេ ពីព្រោះបើតាមការសិក្សាពីខួរក្បាល គឺក្មេងពូកែចាប់យកអ្វីដែលថ្មី និងធ្វើត្រាប់តាមឪពុកម្តាយ ហើយគ្រូទី១ដែលអប់រំកុមារឲ្យក្លាយជាសិស្សពូកែបាន គឺជាឪពុកម្តាយរបស់ពួកគេនោះឯង មិនមែនគ្រូនៅសាលានោះទេ។
លោកស្រី សរ ម៉ុន្ថា បានលើកឡើងយ៉ាងដូចនេះ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកស្រី អញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្តី ពីគុណភាពជីវិតកុមារ ក្រោមប្រធានបទ «ការអប់រំខួរក្បាលទាំងសងខាង និងអប់រំបុត្រធីតា ឲ្យក្លាយជាអ្នកដឹកនាំសកល»។ សិក្ខាសាលានេះក៏មានការចូលរួមពីលោក អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជាជប៉ុន លោកស្រី ម៉ាយូមី ស៊ីជីដា នាយករងវិទ្យាស្ថានអប់រំ Shichida Education Institute Inc និងជានាយកក្រុមហ៊ុន Shichida Life Col.,ltd ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ប្រធាននាយកដ្ឋានពុទ្ធិកឧត្តមសិក្សា និងក្រោយឧត្តមសិក្សានៃអគ្គធិការដ្ឋានពុទ្ធិកសិក្សាជាតិ រួមទាំងមានអ្នកចូលរួមជិត៥០០នាក់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC)។
លោកស្រី សរ ម៉ុន្ថា បានលើកឡើងថា ការអប់រំកូនជាដំបូងត្រូវបង្រៀនគេឲ្យចេះដឹងនាំខ្លួនឯងជាមុនសិន ហើយអ្វីដែលសំខាន់ទៀតនោះ គឺយើងត្រូវតែធ្វើជាគំរូល្អដល់ពួកគេ ពីព្រោះបើតាមការសិក្សាពីខួរក្បាល គឺក្មេងពូកែចាប់យកអ្វីដែលថ្មី និងធ្វើត្រាប់តាមឪពុកម្តាយណាស់ និងអ្វីដែលនៅជុំវិញពួកគាត់ណាស់ ហើយអ្នកដែលជាគ្រូទី១របស់ក្មេងៗ គឺជាឪពុកម្តាយនេះហើយ ហើយដំណាក់នេះ គឺពិតជាសំខាន់ណាស់ដែលឪពុកម្តាយ គួរតែបង្រៀនពួកគេនូវអ្វីដែលល្អ និងវិជ្ជមានដល់ពួកគេ ដើម្បីឲ្យកូនរបស់យើងក្លាយជាមនុស្សដែលជោគជ័យ និងរៀនពូកែនោះ គឺមិនត្រូវពឹងពាក់តែលើសាលាតែមួយមុខនោះទេ ការជួយពីឪពុកម្តាយ គឺជាការសំខាន់ជាងគេទាំងអស់ គឺជាអ្នកជួយតម្រង់កូនៗ និងជួយបង្វឹកខួរក្បាលរបស់កូន ឲ្យបានច្រើនបន្ថែមពីអ្វីដែលពួកគេបានរៀនមកពីសាលា។
លោកស្រីបានបន្តថា បើកាលណាពួកគេបានរៀនមកពីសាលា ប្រព័ន្ធនៃការចាប់យកបានតែមួយផ្នែកទេ ហើយសិនជាឪពុកម្តាយ បានជួយរំលឹកការចងចាំរបស់កូនៗបន្ថែមទៀតនោះ ការចងចាំរបស់ពួកគេ និងកាន់តែកើនឡើងកាន់តែខ្លាំងជាមុនផងដែរ ហើយអ្វីដែលភ្ញោចទៅលើខួរក្បាលក្មេងកាន់តែខ្លាំងនោះ គឺជាសេចក្តីស្រឡាញ់ពីឪពុកម្តាយទៅលើពួកគេតែម្តង ការឱបកូន នាំកូនឲ្យធ្វើកិច្ចការងារសាលា វាគឺជាចំណុចសំខាន់ ដែលធ្វើឲ្យខួរក្បាលរបស់ក្មេងកាន់តែឆ្លាតឡើងផងដែរ។
លោក អៀង សុធារ៉ា បានលើកឡើងដែរថា ថ្វីបើកុមារទាំងអស់មានសក្តានុពលខុសៗគ្នា ប៉ុន្តែយើងជាមាតាបិតា គួរតែគិតឲ្យអស់លទ្ធភាព វិនិយោគទៅលើកូនចៅរបស់យើង ដើម្បីជាពលរដ្ឋកុំឲ្យគ្រាន់តែជាប្រជាជន ទៅជាពលរដ្ឋមានន័យថា ទៅជាពលរបស់រដ្ឋ ឬក៏ជាពលរដ្ឋសកល។ ការអប់រំកុមារតូច មិនមែនជារឿងងាយស្រួលនោះទេ វាទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ពីឪពុកម្តាយ ឬអាណាព្យាបាលទើបការសិក្សា អប់រំរបស់កុមារតូចអាចមានប្រសិទ្ធិភាពពេញលេញ។
លោកបានបញ្ជាក់ទៀតថា ជាការពិតណាស់ ការអភិវឌ្ឍខួរក្បាលពិតជាមានសារសំខាន់ណាស់ ចំពោះការរីកចម្រើន និងអនាគតរបស់កុមារ។ ការអប់រំកុមារ និងការចិញ្ចឹមបីបាច់តាមរយៈការផ្តល់ការថែទាំ និងអាហារហូបចុក ពិតជាទាក់ទងខ្លាំងដល់ការលូតលាស់របស់កុមារ។ ការអប់រំកុមារតូច មិនមែនជារឿងងាយស្រួលនោះទេ។ វាទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ពីឪពុកម្តាយ ឬអាណាព្យាបាល ទើបការសិក្សា អប់រំរបស់កុមារតូចអាចមានប្រសិទ្ធិភាពពេញលេញ៕