(ប្រ៊ុយណេ)៖ លោក ហោ សំណាង អនុប្រធានសមាគម នាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងជាយុវជនដ៏ឆ្នើមរបស់កម្ពុជា ក្នុងសកម្មភាពរបស់សមាគម បានទទួលពានរង្វាន់ពី សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍អន្តរជាតិ (Sseayp International Award) នៅប្រទេសប្រ៊ុយណេ ក្នុងមហាសន្និបាតសមាគមនាវាយុវជនអាសុីអាគ្នេយ៍អន្តរជាតិ (Sseayp International General Assembly [SIGA]) ឆ្នាំ២០១៩ នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។
លោកបានទទួលពានរង្វាន់សមាគម SSEAYP International (SI Award) ២០១៩ ដោយផ្ទាល់ពីលោក អាមីនូឌីន អ៊ីសាន រដ្ឋមន្រ្តីក្រសួងវប្បធ៌ម យុវជន និងកីឡានៃប្រទេសប្រ៊ុយណេ។
លោក ហោ សំណាង គឺជាសមាជិកលេចធ្លោរ និងជាទីគោរពមួយរូប នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ហើយបានចំណាយពេលវេលា និងកម្លាំងកាយចិត្តចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពនានារបស់សមាគម។ លោកជាយុវជនកម្ពុជាម្នាក់ ក្នុងចំណោមយុវជនចំនួន៨នាក់ផ្សេងទៀត មកពីប្រទេសអាស៊ាន និងជប៉ុន ដែលបានទទួលពានរង្វាន់នេះ។
លោកក៏បាននឹងកំពុងបន្តផ្តល់នូវដំបូន្មាន និងការតម្រង់ទិសបែបយុទ្ធសាស្រ្តដ៏ល្អៗ ដល់សមាគម និងសមាជិកផងដែរ។ លោកត្រូវបានចាត់តាំងជា ប្រធានប្រតិភូយុវជនកម្ពុជា ដើម្បីដឹកនាំប្រតិភូយុវជនចូលរួមកម្មវិធី SSEAYP នាឆ្នាំ២០០៥។ បច្ចុប្បន្ន លោកគឺជាអនុប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ប្រចាំអាណត្តិទី៨។
សូមជម្រាបថា មហាសន្និបាត SIGA ធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមានប្រទេសចូលរួមចំនួន១១ ក្នុងនោះមានប្រទេសអាស៊ានទាំង១០ បូកប្រទេសជប៉ុន។ មហាសន្និបាតនេះ ផ្តល់ឲ្យឱកាសឲ្យអតីតប្រតិភូយុវជនអាស៊ាន និងជប៉ុន ដែលធ្លាប់ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុនបានជួបគ្នាជារៀងរាល់ឆ្នាំ។ ក្នុងមហាសន្និបាតនេះ ក៏បានអនុញ្ញាតឲ្យប្រធានប្រតិភូប្រទេសទាំងអស់ ធ្វើការរាយការណ៍ជូនមហាសន្និបាតផងដែរ អំពីសកម្មភាពសង្គម ដែលខ្លួនបានធ្វើក្នុងប្រទេសនីមួយៗ៕