(ប៉េកាំង, ចិន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យ China Hauneng Group ដែលជាក្រុមហ៊ុនបានវិនិយោគផលិតវារីអគ្គិសនីនៅសេសានក្រោមពីរ ពិនិត្យលទ្ធផលបង្កើតស្ថានីយ៍ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជាបន្ថែមទៀត ដើម្បីទាញយកថាមពលអគ្គិសនីមកបំពេញសេចក្តីត្រូវការនៅកម្ពុជា។
ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ក្នុងពេលសម្តេចអនុញ្ញាឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនមួយនេះចូលជួបសម្តែងការគួរសម និងពិភាក្សាទៅលើការផលិតថាមពលអគ្គិសនីនៅកម្ពុជា។
បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ក្នុងជំនួបនេះក្រុមហ៊ុន China Hauneng Group បានជម្រាបសម្ដេចតេជោនាយករដ្ឋមន្ត្រីអំពីភាពជោគជ័យលើគម្រោងផលិតវារីអគ្គិសនីនៅសេសានក្រោម២ និងបានបញ្ជាក់ថា ក្រុមហ៊ុនកំពុងបន្តស្រាវជ្រាវអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីបន្ថែមទៀតនៅកម្ពុជា ជាពិសេសទៅលើការអភិវឌ្ឍន៍ថាមពលដើរដោយពន្លឺព្រះអាទិត្យ។
ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំក្រុមហ៊ុនថា សម្រាប់វារីអគ្គិសនី គឺអាចដំណើរការបានពេញលេញក្នុងរដូវភ្លៀង តែនៅពេលដែលរដូវប្រាំងវិញ គឺខ្វះខាតទឹកដូច្នេះមិនអាចឱ្យវារីអគ្គិសនីដំណើរការផលិតថាមពលបានពេញសមត្ថភាពនោះឡើយ។ ក្នុងន័យនេះ បានជំរុញហ៊ុន China hauneng group ដែលជាក្រុមហ៊ុនបានចាប់ដៃជាមួយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង សិក្សាស្រាវជ្រាវ និងបោះទុនទៅលើការវិនិយោគការបង្កើតស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យជំនួសវិញ។
ឆ្លើយតបនឹងអ្វីដែលសម្តេចតេជោ បានលើកឡើងនេះ តំណាងខាងក្រុមហ៊ុន បានជម្រាបសម្តេចតេជោថា កន្លងមកក្រុមហ៊ុនបានសិក្សានៅក្នុងប្រទេសកម្ពុជា គឺមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ក្នុងការទាញយកថាមពលអគ្គិសនីយកមកប្រើប្រាស់។ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនគ្រោងនឹងវិនិយោគដើម្បីផលិតថាមពលអគ្គិសនីប្រមាណ ២០០មេហ្គាវ៉ាត់ ដោយថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជានាពេលខាងមុខនេះផងដែរ។
ភាគីក្រុមហ៊ុន បានស្នើសុំសម្តេចតេជោឲ្យគាំទ្រខ្លួនក្នុងការចូលរួមអភិវឌ្ឍន៍ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ឬហៅថាថាមពលស្អាតនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ប្រជាជនកម្ពុជាក៏ដូចជាប្រទេសកម្ពុជាចង់បានថាមពលស្អាត ដែលថាមពលគាំទ្រដល់បរិស្ថាន ជាពិសេសថាមពលដើរដោយពន្លឺព្រះអាទិត្យដែលជាបច្ចេកវិទ្យាចុងក្រោយនេះ៕