Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជីវករម្នាក់ ប្តឹងទៅស្នងការខេត្តព្រះសីហនុ ដោយសារជនអនាមិកយកគណនីខ្លួន ទៅបង្ហោះបង្ខូចឈ្មោះអ្នកដទៃ ក្រោយបាត់ទូរស័ព្ទ

28-04-2019 18:14

(ព្រះសីហនុ)៖ លោក ហេង សុវណ្ណា អាជីវកររស់នៅខេត្តព្រះសីហនុ បានដាក់ពាក្យប្តឹងទៅស្នងការខេត្តព្រះសីហនុ ឲ្យជួយស្រាវជ្រាវរកជនអនាមិក ដែលបានយកគណនី Facebook និង Line ក្នុងទូរស័ព្ទរបស់លោក ទៅបង្ហោះសារបង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃ ធ្វើឲ្យប៉ះពាល់កិត្តិយសរូបលោកជាខ្លាំង ក្រោយពីរូបលោកបាត់ទូរស័ព្ទ។

យោងតាមពាក្យបណ្តឹងរបស់លោក ហេង សុវណ្ណា ដែលប្តឹងទៅស្នងការខេត្តព្រះសីហនុ បានឲ្យដឹងថា លោកគឺជាអាជីវករម្នាក់ ដែលមានទីលំនៅបច្ចុប្បន្នភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់។ លោកថា ទូរស័ព្ទដែលបាត់នោះ មានលេខ 015 748 898។

អាជីវកររូបនេះ បានបន្ថែមថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ លោកបានជ្រុះបាត់ទូរស័ព្ទដៃមួយគ្រឿងម៉ាក iphone x max បន្ទាប់មកក៏ឃើញមានគណនីឈ្មោះ Da Lin បានយកទៅប្រើរួចហើយបង្ហោះបង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃ និងមានរូបភាពរបស់លោកជាច្រើនសន្លឹក ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោក។ ជនអនាមិក ថែមទាំងបានយក Line ដែលប្រើដោយលេខទូរស័ព្ទខាងលើ ទៅប្រើប្រាស់ដើម្បីជេរអ្នកដទៃ និងបរិហារដល់អ្នកដទៃ ដែលធ្វើឲ្យអ្នកដទៃមានការភ័ន្តច្រឡំដល់រូបលោក។

ថ្លែងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៨ ខែមេសានេះ លោក ហេង សុវណ្ណា បានបញ្ជាក់ប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «ក្រោយបាត់ភ្លាមៗ ខ្ញុំអត់បានទាក់ទងទៅក្រុមហ៊ុនលេខទូរស័ព្ទ ឲ្យបិទលេខខ្ញុំបណ្តោះអាសន្នសិនឡើយ ដោយសារខ្ញុំគិតថាមិនកើតរឿងអី ស្រាប់តែយូរថ្ងៃបន្តិចមក បែរជាមានជនអនាមិកយកទូរស័ព្ទរបស់ខ្ញុំ ដែលមានគណនី Facebook និង Line របស់ខ្ញុំទៅបង្ហោះបរិហារបង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃទៅវិញ។ អាស្រ័យហេតុដូចបានជំរាបជូនខាងលើ សូមលោកឧត្តមសេនីយ៍ស្នងការ មេត្តាជួយស្រាវជ្រាវ និងចាត់ការជនអនាមិករូបនោះតាមនីតិវិធីផងចុះ»