(ភ្នំពេញ)៖ អាការៈឈឺចុករោយចង្កេះ និងការឈឺចុករោយខ្នង គឺជារោគសញ្ញានៃការកើតជំងឺខួរឆ្អឹងខ្នង។ នេះគឺជាការអះអាងរបស់លោកវេជ្ជបណ្ឌិត Tewajessada Paraung អ្នកឯកទេសផ្នែកសរសៃប្រសាទ និងឆ្អឹងខ្នងនៃប្រទេសថៃ។
ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន នៅក្នុងសិក្ខាសាលពិសេសមួយទាក់ទងនឹងបច្ចេកទេសសរសៃប្រសាទ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ អ្នកជំនាញរូបនេះ បានដាស់តឿនចំពោះអ្នកដែលកើតជំងឺខួរឆ្អឹងខ្នងថា បើមិនទៅរកសេវាព្យាបាលត្រឹមត្រូវទេ នឹងអាចបណ្តាលឲ្យអ្នកជំងឺនោះធ្លាក់ខ្លួនពិការ ហើយការចងចាំក៏ត្រូវបានថយចុះផងដែរ។
លោកវេជ្ជបណ្ឌិត Tewajessada Paraung បានឲ្យដឹងថា ផលវិបាកនៃការពន្យារពេល ក្នុងការមិនទៅទទួលការព្យាបាលទាក់ទងនឹងជំងឺខួរឆ្អឹងខ្នង អាចបណ្តាលឲ្យមានពិការភាព ពោលពិការជើង ពិការដៃ ឬការចុះខ្សោយនៃកម្លាំងនៃដងខ្លួន។ ក្រៅពីនេះ ផលវិបាកធំបំផុតនៃជំងឺខួរឆ្អឹងខ្នង គឺការបាត់បង់ញាណនៃការដឹង ទោះបីជាខ្លួនប៉ះធាតុក្តៅឬត្រជាក់ ហើយចំពោះអ្នកជំងឺខ្លះទៀត ត្រូវប្រឈមនឹងការឈឺធ្ងន់ធ្ងរ ដល់ថ្នាក់មិនអាចកម្រើក សូម្បីតែអង្គុយក៏មិនបាន ធ្វើអ្វីក៏មិនបានដែរ។
អ្នកឯកទេសផ្នែកសរសៃប្រសាទ និងឆ្អឹងខ្នងនៃប្រទេសថៃរូបនេះ បានបញ្ជាក់បន្ថែមថា «អាការៈ ឬក៏ជារោគសញ្ញាទូទៅនៃជំងឺខួរឆ្អឹងខ្នង ដែលអ្នកជំងឺមានគឺការឈឺខ្នង ឈឺចង្កេះ ឬក៏អាចថាឈឺកញ្ចឹងក ដែលជាទូទៅការឈឺនេះអាចរីករាលដាលដល់ដៃ ឬក៏ទៅជើង និងមានអាការៈដូចជាស្ពឹកដៃ ឬស្ពឹកជើង ហើយការស្ពឹកនេះជួនកាលគាត់អត់ដឹងតែម្តងថា តើក្តៅឬត្រជាក់ ឬពេលគេប៉ះគាត់ គាត់អត់មានទទួលញាណដឹងឡើយ ឬអាចនិយាយថាញាណដែលទទួលដឹង ត្រូវបានថយចុះខ្សោយជាមុន។ ក្រៅពីនេះ មានអាការៈផ្សេងទៀតដូចជា ការថយខ្សោយនៃកម្លាំងដៃ ឬកម្លាំងដៃ ឬកម្លាំងជើងរបស់គាត់»។
នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញព្រឹកមិញនេះ លោកវេជ្ជបណ្ឌិត Tewajessada Paraung បានគូសបញ្ជាក់ដែរថា អ្នកដែលសង្ស័យថាខ្លួនកំពុងកើតជំងឺខួរឆ្អឹងខ្នង ដូចដែលបានរៀបរាប់ខាងលើ គប្បីទៅពិគ្រោះ និងប្រឹក្សាយោបល់ពីអ្នកជំនាញ ដើម្បីរកវិធីព្យាបាលឲ្យបានទាន់ពេលវេលា៕