(កំពង់ឆ្នាំង)៖ ព្រះវិហារ និងសមិទ្ធិផលនានាក្នុងវត្តសុណ្ណរង្សី ហៅវត្តកងមាស ស្ថិតក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលទើបសាងសង់រួចរាល់ជាស្ថាពរ ត្រូវបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកស្រី កែ ចន្ទមុនី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង, លោកឧកញ៉ា ស្រី ងួន និងលោកស្រីឧកញ៉ា ស្រី វុទ្ធី, លោក អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម, ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោមឱវាទក្រសួងអភិវឌ្ឍជនបទ និងសាលាខេត្តកំពង់ឆ្នាំង ជាច្រើនរូប។
តាមរបាយការណ៍របស់លោក ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា វត្តសុវណ្ណរង្សីនេះ ចាប់ផ្តើមកសាងតាំងពីឆ្នាំ១៩៣០ គិតមកដល់ពេលនេះ ឆ្លងកាត់ចៅអធិការ៦ជំនាន់មកហើយ តែរាល់សមិទ្ធិផលទាំងអស់ ដែលបានកសាងឡើង នាសម័យកាលនោះ ត្រូវបានបំផ្លាញគ្មានសល់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។
ក្រោយថ្ងៃជ័យជម្នះ ៧មករា១៩៧៩សង្គមជាតិ ត្រូវបានរស់ឡើងវិញ ក្នុងនោះព្រះពុទ្ធសាសនា ក៏បានស្តារ និងកសាងឡើងវិញ ពីគំនរផេះផងចាប់តាំងពីបាតដៃទទេ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាងរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។
វត្តសុវណ្ណរង្សីនេះ ត្រូវបានព្រះសង្ឃ និងពុទ្ធបរិស័ទរួមគ្នាកសាងឡើងវិញ ជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៨០ ហើយព្រះវិហារ និងសមិទ្ធផលនានា ដែលត្រូវកាត់ឬសសីមា និងសម្ពោធឆ្លង ក្នុងថ្ងៃនេះ បានផ្តើមកសាងនៅឆ្នាំ ២០១០ និងរួចរាល់ក្នុងឆ្នាំ២០១៩នេះ ដោយចំណាយថវិកា ក្នុងការសាងសង់អស់ ៣សែន ២,០៧៥ដុល្លារអាមេរិក ក្នុងនោះព្រះវិហារ ចំណាយអស់១សែន ៥ម៉ឺនដុល្លាអាមេរិក។
ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន, លោក អ៊ុក រ៉ាប៊ុន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ព្រះចៅអធិកាវត្ត សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាង ព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តនេះឡើង សំរាប់ជាទីសក្ការៈ នៃពុទ្ធសាសនិកជនទូទៅ ហើយសមិទ្ធផលនេះ គឺបានបង្ហាញឲ្យឃើញ ពីការរីកចំរើនលើវិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
លោកបណ្ឌិត ក៏បានអបអរសាទរផងដែរ ចំពោះសមិទ្ធិផលទាំងឡាយ ដែលខេត្តកំពង់ឆ្នាំង សម្រេចបានក្នុងរយៈពេលកន្លងទៅនេះ ក្រោមការចូលរួមគ្នារវាងអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋ ព្រមទាំងបានបញ្ជាក់ថា រាល់សមិទ្ធិផល ដែលកើតមានក្នុងខេត្តនេះ គឺមិនអាចកាត់ផ្តាច់បានឡើយ ពីការចូលរួមចំណែកឧបត្តមដ៍ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងខ្លាំងណាស់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន គ្រប់វិស័យតាំងពីទីក្រុងរហូតជនបទ ដើម្បីរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ និង ជំរុញកំណើនសេដ្ឋកិច្ច ប្រទេសកម្ពុជា ឲ្យក្លាយជាប្រទេស មានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានគូសបញ្ជាក់ថា ដូចនេះត្រូវរួមគ្នារក្សាឲ្យបានសុខសន្តិភាព ដើម្បីផ្តល់ឱកាសជូនសម្តេច ដឹកនាំកសាងជាតិយើង ឲ្យកាន់តែរីកចំរើនរុងរឿងថែមទៀត នាពេលអនាគត។
ដោយឡែកពាក់ព័ន្ធសភាពការណ៍ទូទៅ ក្នុងប្រទេសបច្ចុប្បន្ន លោកបណ្ឌិត បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ កម្ពុជា នឹងមានការបោះឆ្នោត ជាលក្ខណៈអសកល ដើម្បីជ្រើសរើសក្រុម ប្រឹក្សាខេត្ត, ក្រុមប្រឹក្សាស្រុក-ក្រុង និងក្រុមប្រឹក្សាខណ្ឌ ដែលអង្គបោះឆ្នោតនេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែង។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានណែនាំដល់អាជ្ញាធរគ្រប់លំបាប់ថ្នាក់ ត្រូវមានវិធានការក្នុងការ គ្រប់គ្រងរក្សាទឹកទុក ទាំងសំរាប់ទទួលទាន និងប្រើប្រាស់ក្នុងរដូវប្រាំងនេះ និងត្រូវចុះជួយប្រជាពលរដ្ឋ ឲ្យបានពេល វេលានៅពេល ដែលមានគ្រោះមហន្តរាយជាយថាហេតុ ដូចជាខ្សល់កន្ត្រាក់ រួមនឹងឧប្បទ្ទវហេតុផ្សេងៗ ដែលកើតមានលើប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន។
លោកបានបន្ដទៀតថា ប្រជាពលរដ្ឋខ្លួនឯង ក៏ត្រូវចូលរួមអនុវត្តនូវកម្មវិធីលប់បំបាត់ការ បន្ទោបង់ពាសវាលពាសកាល ដើម្បីកាត់បន្ថយបាននូវជំងឺដង្កាតផ្សេងៗ និងរួមចំណែកលើកកំពស់សុខមាលភាព ក៏ដូចជាកិត្តិយសសង្គមជាតិ ទាំងមូលផងដែរ។
បន្ទាប់ពីបានបំពាក់មេដាយ ប្រគេនព្រះសង្ឃ និងសប្បុរសជននានា ដែលបានរួមចំណែកជាវិភាគទានជួយ កសាងសមិទ្ធិផលក្នុងវត្តនេះរួចមក លោក អ៊ុក រ៉ាប៊ុន បាននាំយកអំណោយ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត រួមមាន៖
* ប្រគេនព្រះសង្ឃ២៨អង្គ ក្នុង១អង្គសាដក១ និងបច្ច័យ៥ម៉ឺនរៀល
* ជូនសាលាស្រុករលាប្អៀរ ១លានរៀល លោកគ្រូ អ្នកគ្រូ ៥០នាក់ម្នាក់ៗ ថវិកា២ម៉ឺនរៀល
* សិស្សានុសិស្ស៧៥០នាក់ ម្នាក់ៗសៀវភៅ២ក្បាល ប៊ិច១ដើម ថវិកា១ម៉ឺនរៀល
* សិស្សសាលាបឋមសិក្សា ចំនួន២៥០នាក់ ម្នាក់ៗថវិកា១ពាន់រៀល ជូនកងកម្លាំងនគរបាលស្រុក ៣៥នាក់
* កងរាជអាវុធហត្ថ៦នាក់, យោធាសិករង៧នាក់, ប្រជាការពារឃុំ៥០នាក់, ពិធីការស្រុក៦នាក់ និងក្រុមពេទ្យ៥នាក់ ម្នាក់ៗថវិកា២ម៉ឺនរៀល
* ជូនតាជីយាយជី២០០នាក់ ម្នាក់ៗក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល និងប្រគេនបច្ច័យឧបត្ថម្ហទិស ទាំង៨ក្នុងទិសនីមួយៗ ថវិកា៣០ម៉ឺនរៀល ដោយឡែកទិសឥន្ធកិលថវិកា២លានរៀល។
លោករដ្ឋមន្ដ្រី ក៏បានប្រគេនបច្ច័យ ដែលជាសុទ្ធាជ្រះថ្លា របស់លោកផ្ទាល់ និងក្រុមគ្រួសាររួម ជាមួយសប្បុរសជនសរុបចំនួន៤១លានរៀល ប្រគេនដល់ព្រះសង្ឃ វត្តសុវណ្ណរង្សី សំរាប់កសាង សមិទ្ធិផលនានា ក្នុងវត្តបន្តទៀត ។ តមកគណអធិបតី បានបន្តអញ្ជើញកាត់ខ្សែបូរ និងឡើងលើព្រះវិហារប្រារព្ធកិច្ច តាមប្រពៃណីព្រះ ពុទ្ធសាសនា និងកាត់ឬស្សសីមា បើកឲ្យប្រើប្រាស់ជាផ្លូវការ នូវព្រះវិហារ និងសមិទ្ធិផលនានា ចាប់ពីពេលនេះតទៅ៕