(ប៉េកាំង, ចិន)៖ កម្ពុជា គឺជាប្រទេសដំបូងគេនៅអាស៊ាន ដែលបានចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍លើបច្ចេកវិទ្យា5G។ នេះបើយោងតាមការបញ្ជាក់របស់លោក Li Jinge អនុប្រធានក្រុមហ៊ុន HUAWEI ថេកណូឡូជីប្រចាំតំបន់អាស៊ីអាគ្នេយ៍ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ។
លោកប្រធានក្រុមហ៊ុន HUAWEI ថេកណូឡូជីប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា កន្លងមកក្រុមហ៊ុនរបស់លោកបានបើកការិយាល័យនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ដែលមកដល់បច្ចុប្បន្នមានរយៈពេល ២០ឆ្នាំហើយ។ លោកប្រធានក្រុមហ៊ុន បានអះអាងដែរថា មកដល់ពេលនេះក្រុមហ៊ុនវិនិយោគដោយជោគជ័យនៅក្នុងប្រទេសកម្ពុជា និងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាផងដែរ។
នៅក្នុងជំនួបនេះលោកប្រធានក្រុមហ៊ុន ក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា កាលពីឆ្នាំកន្លងទៅនេះក្រុមហ៊ុនរបស់លោកមានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាទូទាំងពិភពលោកផងដែរ។ បើតាមលោកប្រធានក្រុមហ៊ុនការទទួលបានការគាំទ្រនេះ ដោយសារក្រុមហ៊ុនមានឯកទេសគ្រប់គ្រាន់ក្នុងការបម្រើសេវាកម្ម ដែលធ្វើឱ្យក្រុមហ៊ុន HUAWEI ជាក្រុមហ៊ុនមួយឈានមុខគេក្នុងវិស័យទូរគនាគមន៍ ដូចជាការផ្ដល់បច្ចេកវិទ្យានេះ។
លោក Li Jinge ក៏បានជម្រាបជូនសម្ដេចតេជោបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុន HUAWEI បានចុះហត្ថលេខាជាមួយបណ្ដាប្រទេសប្រមាណជា៤០ប្រទេសហើយក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា5G។ លោកប្រធានក្រុមហ៊ុន ក៏បានជម្រាបជូនសម្តេចតេជោថា ប្រទេសកម្ពុជាជាប្រទេសទីមួយហើយនៅក្នុងតំបន់អាស៊ានដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍទៅលើបច្ចេកវិទ្យាថ្មី5G។
លោកប្រធានក្រុមហ៊ុនក៏បានមានប្រសាសន៍ផងដែរថា វិស័យឌីជីថលនេះ គឺពិតជាអាចជួយដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ លោកបានបញ្ជាក់ថា ក្រុមហ៊ុននឹងសហការជាមួយក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀតព្រមទាំងបន្តពង្រឹងបន្ថែមជាមួយក្រសួងស្ថាប័ននានាទៅលើវិស័យឌីជីថលនៅកម្ពុចា។
ក្នុងឱកាសនេះក្រុមហ៊ុន HUAWEI ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោដែលបានគាំទ្រកន្លងមក និង បានផ្ដល់ឱកាសឲ្យក្រុមហ៊ុនមានលទ្ធភាពក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាបានយ៉ាងជោគជ័យ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រុមហ៊ុនធ្វើការខិតខំប្រឹងប្រែងជាបន្តទៀតក្នុងការសហការជាមួយក្រសួងស្ថាប័នរបស់កម្ពុជាអភិវឌ្ឍលើវិស័យបច្ចេកវិទ្យានេះ ហើយសម្ដេចចង់ឲ្យក្រុមហ៊ុន HUAWEI ជួយកសាងសមត្ថភាព ជាពិសេសទៅវិស័យបច្ចេកវិទ្យា បង្កើនសេវាឱ្យមានល្បឿនលឿន៕