(ភ្នំពេញ)៖ លោក សោម សុខរ៉ាឌី ត្រូវបានប្រពន្ធប្តឹងទៅតុលាការនិងជាប់ចោទពីបទ ទ្វេពន្ធភាព ខណៈដែលរឿងក្តីនេះនឹងត្រូវប្រកាសសាលដីកាដោយតុលាការកំពូល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ស្អែកនេះ ក៏ប៉ុន្តែបុរសម្នាក់នេះបានស្នើសុំទៅប្រធានតុលាការកំពូល ឲ្យជួយអន្តរាគមន៍ដើម្បីពន្យារពេលប្រកាសសាលដីកា ដើម្បីមានឱកាសចរចាជាមួយប្រពន្ធជាថ្មីវិញ។
ចុងចម្លើយ សោម សុខរ៉ាឌី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ គឺមុនពេលមួយថ្ងៃនៃកាលបរិច្ឆេទការប្រកាសសាលដីកា រឿងក្តីប្រពន្ធប្តឹងពីបទ ទ្វេពន្ធភាព និងផិត ត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤ និងមាត្រា៧ និងមាត្រា៩ មាត្រា១០ នៃច្បាប់ស្តីពី ឯកពន្ធភាព បានស្នើយ៉ាងទទូចឲ្យប្រធានតុលាការកំពូល ជួយអន្តរាគមន៍រឿងក្តីរបស់លោកផង។ ចុងចម្លើយរូបនេះ បានបង្ហាញពីបំណងលន់តួសុំទោសប្រពន្ធ និងកូនៗ សុំទទួលកំហុសគ្រប់បែបយ៉ាង អោយតែអតីតៈភរិយា និងកូនៗទាំង៣ ព្រមទាំងតុលាការកុំផ្តន្ទាទោស ខណៈពួកគាត់អស់និស្ស័យជាប្តី-ប្រពន្ធនិងគ្នាត្រឹមហ្នឹង ។
យោងតាមលិខិតដែលលោក សោម សុខរ៉ាឌី ផ្ញើទៅកានប្រធានតុលាការកំពូល បានបញ្ជាក់ថា «កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ តុលាការកំពូលបានជំនុំជម្រះរឿងក្តីព្រហ្មទណ្ឌរបស់ខ្ញុំបាទ ហើយត្រូវបានតុលាការសាកសួរ និងដេញដោលរួចហើយនឹងត្រូវបានប្រកាសលទ្ធផលនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ក៏ប៉ុន្តែដោយហេតុថាកន្លងមកក្រុមប្រឹក្សាតុលាការកំពូល ក៏បានចរចាឲ្យយើងខ្ញុំជាគូភាគី បានព្រមព្រៀងគ្នាលើចំណុចលែងលះ បែងចែកទ្រព្យសម្បត្តិរួមនឹងដកពាក្យបណ្ដឹងព្រហ្មទណ្ឌ ហើយការព្រមព្រៀងគ្នានេះ បានធ្វើឡើងជាលក្ខណៈផ្ទាល់មាត់»។
បើតាមលិខិតដដែល ពេលនោះលោក សោម សុខរ៉ាឌី ក៏បានយល់ព្រមដកពាក្យបណ្ដឹងសារទុក្ខនៅលើសាលដីកាលេខ១២ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ របស់សាលាឧទ្ធរណ៍រួចហើយ ជាហេតុនាំឲ្យសាលដីកានេះចូលជាស្ថាពរ និងមិនប្រសិទ្ធភាពអនុវត្តន៍តាមផ្លូវច្បាប់។ ដោយក្នុងនោះរាល់សម្បត្តិរួមទាំងអស់ត្រូវប្រគល់ឲ្យកូនទាំងបី រីឯរូបលោកជាឪពុកត្រូវទទួលប្រាក់ខែពីកូនទៅវិញ។ ចំណែកភាគីខាងប្រពន្ធលោក បែរជាពុំទាន់បានពិចារណាឲ្យដិតដល់ទៅលើចំណុច ដែលគាត់ត្រូវបានឯកភាព ក្នុងការដកពាក្យបណ្ដឹងព្រហ្មទណ្ឌ ដែលគាត់បានប្ដឹងមកលើលោក លើបទល្មើសព្រហ្មទណ្ឌ ទ្វេពន្ធភាព នឹងផិតទេ។
លោក សោម សុខរ៉ាឌី បានបញ្ជាក់ទៀតថា «ហេតុនេះដើម្បីឱ្យខ្ញុំបាទមានពេលវេលាគ្រប់គ្រាន់ ក្នុងការដែលខ្ញុំបាទសុំចរចាសម្របសម្រួលជាថ្មីម្ដងទៀតជាមួយភាគីប្រពន្ធខ្ញុំបាទនោះ ខ្ញុំបាទស្នើសុំឲ្យលោកប្រធានមេត្តាពិចារណា លើកពេលប្រកាសសាលដីកាសារជាថ្មីម្ដងទៀតនៅពេលក្រោយ។ បើទោះបីជាខ្ញុំបាទត្រូវបានកាត់ទោសឱ្យត្រូវទទួលទណ្ឌកម្ម ដោយប្រការណាមួយនោះ ក៏ត្រូវឲ្យខ្ញុំបាទទទួលបាននូវភាពយុត្តិធម៌ផងដែរ»៕