(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត អ៉ឹង កន្ថាផាវី អនុប្រធានគណៈពង្រឹងគណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោ រាជធានីភ្នំពេញ និងជាប្រធានគណៈពង្រឹងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានចុះសួរសុខទុក្ខសំណេះសំណាល ជាមួយក្រុមប្រឹក្សាគណបក្ស និងប្រជាការពារសង្កាត់ទៀន និងគងនយ ស្ថិតក្នុងខណ្ឌដង្កោ និងឃុំត្រពាំងវែង ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីក្តាប់ស្ថានការណ៍បច្ចុប្បន្ន ស្តាប់បញ្ហារបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងស្វែងរកដំណោះស្រាយជូនពួកគាត់។
ក្នុងពិធីសំណេះសំណាល នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ លោកស្រីវេជ្ជបណ្ឌិត បានជម្រាបជូនអំពីសភាពការណ៍នយាបាយថ្មីៗ ក៏ដូចជាស្ថានភាពសង្គមបច្ចុប្បន្ន ហើយបានគូសបញ្ជាក់ពីសន្ទុះ នៃកិច្ចអភិវឌ្ឍយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រធាន។
លោកស្រីវេជ្ជបណ្ឌិត អ៉ឹង កន្ថាផាវី បានគូសបញ្ជាក់ថា កំណើនយ៉ាងឆាប់រហ័សនេះ បានផ្តល់ភាគផលដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ តាមរយៈការផ្តល់ការងារឲ្យធ្វើ ការកសាងហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ផ្លូវ ថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន ដែលបន្តិចទៀតនេះ យើងនឹងមានអនុវិទ្យាល័យតាមឃុំ ជាដើម។
ក្នុងឱកាសនោះផងដែរ លោកស្រី អ៉ឹង កន្ថាផាវី ក៏បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាគណបក្ស ក៏ដូចជាប្រជាការពារទាំងអស់ ឲ្យបន្តលើកកម្ពស់ការងារអភិវឌ្ឍនៅឃុំសង្កាត់ និងចូលរួមការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកស្រី ក៏បានឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សា និងប្រជាការពារក្នុងឃុំសង្កាត់ទាំងបី ក្នុងនោះក្រុមប្រឹក្សាឃុំសង្កាត់គងនយ ចំនួន៤១នាក់ សង្កាត់ទៀន ចំនួន៤៧នាក់, ឃុំត្រពាំងវែងចំនួន២៩នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៦ម៉ឺនរៀល សរុបទាំងអស់ជាទឹកប្រាក់ ប្រមាណ៧លានរៀល។ លោកស្រី ក៏បានឧបត្ថម្ភដល់សិស្សសាលា នៅឃុំត្រពាំងវែង ចំនួន ៣នាក់ផងដែរ សរុបចំនួន៣០០ដុល្លារ។
ក្នុងឱកាសនោះដែរ លោកស្រីវេជ្ជបណ្ឌិត បានចុះចែកវត្ថុអនុស្សាវរីយ៍ ដល់ខ្នងផ្ទះក្រុមគ្រួសារសមាជិកគណបក្ស នៅឃុំសង្កាត់ទាំងបី ដែលទើបសម្រាលកូនរួច ក្នុងគោលបំណងបញ្ជាក់ការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំគណបក្សចំពោះសមាជិកាសមាជិកគណបក្ស ក៏ដូចជាដើម្បីចូលរួមអបអរសាទរ និងស្វាគមន៍សមាជិកថ្មី ក្នុងក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា។
ក្នុងនោះ ម្នាក់ៗទទួលបានថវិកា៤ម៉ឺនរៀន និងសម្ភារចាំបាច់សម្រាប់ទារក ដែលទើបនឹងកើតមួយកញ្ចប់។ សរុបទាំងអស់ វត្ថុអនុស្សាវរីយ៍ បានចែកជូនដល់ក្រុមគ្រួសារ ចំនួន៨៨គ្រួសារ និងទឹកប្រាក់អស់៣លាន ៣សែន២ម៉ឺនរៀល៕