(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន តំណាងរាស្រ្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋាន នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ បានបន្តចុះសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ មកពីស្រុកព្រះនេត្រព្រះ ស្វាយចេក ម៉ាឡៃ អូរជ្រៅនិងក្រុងសិរីសោភ័ណ ចំនួន៤៨២គ្រួសារ នៅទីតាំងចំនួន៣ស្រុកផ្សេងគ្នា គឺនៅស្រុកស្វាយចេក ស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី។
ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលជាតិមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះដែរ តំណាងរាស្រ្ត កែ គឹមយ៉ាន បានថ្លែងទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ តម្កល់ប្រយោជន៍ប្រជាពលរដ្ឋជាធំ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ។ លោកថា ទីណាមានការលំបាកខ្វះខាតទីនោះ គឺមានវត្តមានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងកាកបាទក្រហមចុះជួយអន្តរាគមន៍ដោះស្រាយ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ដែលជួបការលំបាកចោលដោយមិនដោះស្រាយនោះឡើយ។
ជាមួយគ្នានោះ តំណាងរាស្រ្តរូបនេះ ក៏បានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិពីគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ដែលជាមហន្តរាយគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ និងសូមអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងសប្បុរសជនសូមចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់ដែលចេះតែកើតឡើងជារៀងរាល់ថ្ងៃ។
ជាមួយនឹងទឹកចិត្តអាណិតស្រលាញ លោក កែ គឹមយ៉ាន បាននាំយកអំណោយជាសម្ភារ និងថវិការបស់សប្បុរសជន និងផ្ទាល់ខ្លួន ចែកជូន និងប្រគេន អ្នករងគ្រោះរួមមាន៖
*១៖ ប្រជាពលរដ្ឋ៤៨២គ្រួសារ ក្នុង១គ្រួសារទទួលបានឃីត១រួមមាន៖ អង្ករ២៥គីឡូ ត្រីខ១០កំប៉ុង មី១កេស ប្រេងឆា១លីត្រ ទឹកស៉ីអ៉ីវ៣ដប នំធុង១ធុង ទឹកសុទ្ធ១កេស មុង១ សារុង២ ក្រម៉ា២ ភួយ១ ថវិកា ៥ម៉ឺនរៀល។
*២៖ កងកម្លាំងយោធា នគរបាល កងរាជអាវុធហត្ថ ដែលបានចុះអន្តរគមន៍ជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ នូវថវិកាសរុបចំនួន ៧លានរៀល។
*៣៖ ស្រុកព្រះនេត្រព្រះ ស្វាយចេក ម៉ាឡៃ អូរជ្រៅ ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ក្នុង១ស្រុកៗទទួលបានថវិកា ១លានរៀល។
*៤៖ យុវជនស្រុកស្រុកព្រះនេត្រព្រះ ថវិកា១លានរៀល។
*៥៖ យុវជនស្រុកស្រុកមង្គលបូរី ថវិកា២០ម៉ឺនរៀល។
*៦៖ ប្រគេនវត្តបឹងត្រាវ បច្ច័យ១លានរៀល។
*៧៖ ស័ង្កសីចំនួន២ម៉ឺន៤ពាន់សន្លឹក សម្រាប់តម្កល់ទុកប្រើប្រាស់៕