(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាង ៥០នាក់តំណាងឲ្យរាប់រយគ្រួសារ ក្នុងសង្កាត់ភ្កើងឆេះរទេះ មកពីភូមិចំនួន៨ បានប្រមូលផ្ដុំគ្នាតវ៉ា នៅវេលាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នេះ ប្រឆាំងក្រុមហ៊ុនប្រមូលសំរាមសុិនទ្រី ដែលបានដឹកសំរាមយកទៅចាក់ចោលនៅក្នុងរណ្ដៅដី ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋខាងលើបានបន្តថា ពួកគាត់ប្រមូលផ្ដុំគ្នានាពេលនេះ ប្រឆាំងតវ៉ាទៅនឹងក្រុមហ៊ុនប្រមូលសំរាមសុិនទ្រី ដែលបានដឹកសំរាមយកទៅចាក់ចោលនៅក្នុងរណ្ដៅដីនោះបង្កឲ្យប៉ះពាល់បរិស្ថាន អនាម័យសុខភាពពួកគាត់ទាំងអស់គ្នា។
ប្រជាពលរដ្ឋអះអាងថា ទីតាំងខាងលើនេះវាស្ថិតនៅក្បែរភូមិឋាន វត្តអារាម និងសាលារៀនតែម្ដង បើគ្មានការទប់ស្កាត់ទេទីនោះ នឹងក្លាយទៅជាភ្នំសំរាមមានក្លិនស្អុយ មានសត្វរុយ និងសត្វចម្លងមេរោគផ្សេងៗទៀត ហើយពួកគាត់មិនអាចរស់នៅបានឡើយ។
ប្រជាពលរដ្ឋបន្តទៀតថា រយៈពេល៤ថ្ងៃកន្លងមកនេះពួកគាត់មានការភ្ញាក់ផ្អើលខ្លាំងណាស់ បន្ទាប់ពីបានឃើញរថយន្តក្រុមហ៊ុនប្រមូលសំរាមសុិនទ្រី បើកដឹកសំរាមចូលទៅចាក់ចោលក្នុងរណ្ដៅដីនោះបន្តកន្ទុយគ្នាដូចហែរកឋិន។ មិនតែប៉ុណ្ណោះត្រឹមតែ៤ថ្ងៃសោះសំរាមដែលយកទៅចាក់ចោលនៅទីនោះមានចំនួនរាប់សិបតោន និងបានជះខ្លិនស្អុយអសោចដែលបានធ្វើឲ្យសិស្សសាលាជិតនោះរៀនបិទទ្វារ បិទបង្អួច រៀនមិនចង់កើត ចំណែកព្រះសង្ឃ និងអ្នកភូមិចំនួន៨ភូមិជុំវិញនោះរងផលប៉ះពាល់។
ប្រភពខាងលើបានបន្តថា ពេលនេះពួកគាត់សំណូមពរសុំឲ្យលោកអភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌពិធិ៍សែនជ័យ ជួយធ្ដោះស្រាយជូនពួកគាត់ផងមិនតែប៉ុណ្ណោះសូមឲ្យឈូសឆាយសំរាមចូលរណ្ដៅឲ្យអស់រួចដឹកដីចាក់លុបចោលដើម្បីកុំឲ្យមានក្លិនស្អុយតទៅទៀត។
ដោយឡែកលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានយល់ស្របជាមួយអ្នកភូមិ និងអះអាងថា លោកមិនបានអនុញ្ញាតឲ្យក្រុមហ៊ុនសុិនទ្រីយកសំរាមទៅចាក់នៅទីនោះឡើយ ពេលនេះលោកបានទាក់ទងទៅប្រាប់ក្រុមហ៊ុននេះឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់ផងដែរ៕