(មណ្ឌលគិរី)៖ តាមរយៈការស្រាវជ្រាវ និងរបកគំហើញថ្មីៗនេះដែលធ្វើឡើងដោយក្រុមការងារផ្នែកបេតិកភណ្ឌនិងបុរាណវិទ្យាក្រសួងបរិស្ថាន ដោយសហការជាមួយនឹងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះទៅពិនិត្យមើលស្លាកស្នាម និងសំណល់ផូស៊ីល នៅចំណុចភ្នំពីរ ឋិតក្នុងភូមិសាស្រ្តស្រុកកោះញែក ក្នុងដែនជម្រកសត្វព្រៃស្រែពក បង្ហាញឲ្យឃើញពីវត្តមានបន្សល់ទុកនូវសំណល់ផូស៊ីលសត្វសមុទ្រជាច្រើនប្រភេទនៅក្នុងដែនជម្រកសត្វព្រៃដ៏មានសក្ដានុពលមួយនេះ។
បើតាមលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានលើកឡើងថា រូបភាពដ៏គួរឲ្យទាក់ទាញនៃផូស៊ីលបានបង្ហាញអំពីស្លាកស្នាមសត្វដែលរស់នៅក្នុងបាតសមុទ្រ ដូចជា ខ្យង លៀស មឹកសមុទ្រ...។ល។ លោកបញ្ជាក់ថា ក្រៅពីធនធនធម្មជាតិនិងសត្វព្រៃដ៏សម្បូរបែប ដែនជម្រកសត្វព្រៃស្រែពក ក៏ជាទីតាំងប្រវត្តិសាស្រ្តនៃកំណើតសត្វមានជីវិតរាប់សិបលានឆ្នាំមុនផងដែរ។
ពាក់ព័ន្ធនឹងការស្រាវជ្រាវនេះលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យបរិស្ថាន បានថ្លែងឲ្យដឹងថា ក្រសួងបរិស្ថាន នឹងបន្តសិក្សាស្រាវជ្រាវចងក្រងឯកសារស៊ីជ្រៅបន្ថែមទៀតពាក់ព័ន្ធនឹងសំណាកផូស៊ីលទាំងនេះ ក៏ដូចជាទាក់ទងនឹងប្រវត្តិសាស្រ្តនៃតំបន់នោះឱ្យបានលម្អិតសម្រាប់ផ្តល់ព័ត៌មាបន្ថែមដល់សាធារណជន ក៏ដូចជាខិតខំប្រែងប្រែងសិក្សា អភិរក្សតំបន់ប្រវត្តិសាស្រ្តនោះ ដើម្បីបន្តរក្សាទុកជាកេរតំណែល និងអាចជារំណីយដ្ឋានទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រផ្សេងៗ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានបញ្ជាក់ថា ផូស៊ីលទាំងអស់នេះគឺជាស្លាកស្នាមប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់ ក៏ដូចជាការផ្តល់នូវរបកគំហើញថ្មី និងព័ត៌មានថ្មីៗពាក់ព័ន្ធនឹងភពផែនដី ជាពិសេសដែនដីខេត្តមណ្ឌលគិរីនៃប្រទេសកម្ពុជា។
ផូស៊ីលគឺជាសំណល់ ឬស្លាកស្នាមនៃរុក្ខជាតិ និងសត្វដែលកប់ក្នុងសិលាកម្ទេចកំណ។ ផូស៊ីលភាគច្រើនគឺជាសត្វរស់នៅក្នុងបាតសមុទ្រ។ ផូស៊ីលផ្តល់ព័ត៌មានអំពីទម្រង់ជីវិតសម័យដើម និងរបៀបរស់នៅរបស់ពួកវា៕