(ក្រចេះ)៖ សមត្ថិច្ចចម្រុះសម្របសម្រួលដោយលោក ជា សុភក្រ័ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ នៅយប់ថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៩ បានចុះបង្រ្កាបរថយន្ដដឹកឈើខូចមួយគ្រឿងបម្រុងលោតឆ័ត្រ័ទៅប្រទេសវៀតណាម នៅចំណុចច្រករបៀងD5 ស្ថិតនៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងថា កម្លាំងចម្រុះចូលរួមបង្រ្កាបរួមមាន÷ កម្លាំងអាវុធហត្ថ ខេត្ត ស្រុក ជំនាញរដ្ឋបាលព្រៃឈើសង្កាត់ស្នួល និងកម្លាំងនគរបាល បានបង្រ្កាបរថយន្ដដឹកឈើមួយគ្រឿងម៉ាក Mitsubishiចំណុះ៣,៥តោណ ពណ៌ស ពាក់ស្លាក់លេខ 61C-231.27(រថយន្ដរបស់វៀតណាម) និងឈើអាលេខ១ប្រភេទសុក្រំចំនួន១២កំណាត់មានមុខកាត់ៗ តែមិនទាន់ដឹងចំនួនម៉ែត្រគូបព្រោះជំនាញមិនទាន់ធ្វើការវាសវែង។
មន្រ្តីអាវុធហត្ថរូបនោះបន្តទៀតថា ប្រតិបត្តិការបង្រ្កាបរថយន្ដដឹកឈើបម្រុងលោតឆត្រ័ទៅប្រទេសវៀតណាមតាមច្រករបៀងនោះ មិនស្គាល់អត្តសញ្ញាណម្ចាស់រថយន្ដ ឬម្ចាស់ឈើនោះទេ ព្រោះពេលកម្លាំងចុះទៅដល់ពួកគេរត់គេចខ្លួនបាត់អស់។ បច្ចុប្បន្នរថយន្ដ និងឈើទាំងនោះត្រូវកម្លាំងសមត្ថកិច្ចនាំយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើស្នួលដើម្បីធ្វើការវាស់វែង និងចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ៕