(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២០៖០១នាទីយប់ មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយក្រុងព្រះសីហនុ មូលហេតុដោយសារ មានរថយន្តកុងទ័រន័រ បុកបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) បណ្ដាលឲ្យបាក់ចំនួន២ដើម ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ស្ថិតនៅភូមិ០១ ភូមិ០២ ភូមិ០៣ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រុមការងារបច្ចេកទេស បានធ្វើការពិនិត្យ និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង២១៖៤៥នាទីយប់ លើកលែងតែ PMT៨៣៦ ដែលមានទីតាំងស្ថិតនៅ ភូមិ០១ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ដោយសារកំហូចខាងលើ មានលក្ខណៈធ្ងន់ធ្ងរ ក្រុមការងារបច្ចេកទេស នឹងធ្វើការដាំបង្គោល និងជួសជុលបរិក្ខារអគ្គិសនីបន្ត នៅព្រឹកថ្ងៃស្អែក។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕