(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីសកម្មភាព និងរៀបចំភ្នាក់ងារសន្តិសុខ ការពារការបោះឆ្នោត ការជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ និងពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរងគ្រប់រូប លោកអនុប្រធានផែនការងារសេនាធិការ លោក លោកស្រីនាយការិយាល័យជំនាញគ្រប់រូប លោកអធិការ អធិការរងទទួលផែនការងារសេនាធិការស្រុក ក្រុងទាំង១០ សរុបចំនួន ៦៩នាក់។
លោកឧត្ដមសេនីយ៍ទោ ឯម កុសល បានលើកយកអនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មកធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទ ពិសេសលោកអធិការស្រុក ក្រុងទាំង១០ អំពីគោលការណ៍ និងវិធានការទាំង៧ចំណុច ដែលទទួលបានពីកិច្ចប្រជុំ នាថ្ងៃទី២៦ កន្លងមកនេះ និងណែនាំបន្ថែមទៀត ទៅលើសេចក្តីអំពាវនាវទាំង៥ចំណុចរបស់លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។
លើសពីនេះ លោកឧត្តមសេនីយ៍ស្នងការបានធ្វើការណែនាំ ឲ្យស្នងការរងគ្រប់ផែនជំនាញ លោកអធិការស្រុក ក្រុងទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ លើការងារជំនាញ ពិសេសការងារសន្តិសុខ ធ្វើយ៉ាងណារក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ នាពេលខាងមុខនេះឲ្យបានល្អប្រសើរ៕