(ភ្នំពេញ)៖ ដូចការគ្រោងទុកការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី៦ ឆ្នាំ២០១៩ ត្រូវបានធ្វើឡើងយ៉ាងគគ្រឹកគគ្រេងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ។ បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញក្រុមនិស្សិតមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដណ្តើមបានជយលាភីលេខ១។

ព្រឹត្តិការណ៍ប្រកួតរ៉ូបូតថ្នាក់ជាតិនៅថ្ងៃនេះមានការអញ្ជើញជាអធិបតីភាពពីសំណាក់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហ៉ីដេហ៉ីសា ហ៉ីរ៉ូណូអូឈី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងមានការអញ្ជើញចូលរួមពីមន្ត្រីក្រសួងព័ត៌មាន មន្ត្រីស្ថានទូតជប៉ុន និងនិស្សិតជាង ១ពាន់នាក់។

ការប្រកួតនេះមានក្រុមចំនួន៩ មកពីវិទ្យាស្ថាន និងសាកលវិទ្យាល័យចំនួន៥ ដោយប្រកួតប្រជែងគ្នាក្រោមវិញ្ញាសារ «ជិះសេះកាន់ស្លាកបញ្ជា» ហើយធ្វើទៅតាមរូបមន្តនៃការប្រកួតរហូតស្វែងរកជយលាភីជាបន្តបន្ទាប់។ សាកលវិទ្យាល័យ និងវិទ្យាស្ថាន ដែលបញ្ជូននិស្សិតចូលរួមប្រកួតប្រជែងនេះមានដូចជា៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ។

ក្រោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញជយលាភីលេខ១ និងលេខ២ បានទៅលើក្រុមនិស្សិតមកពីវិទ្យាស្ថាន NPIC, ជយលាភីផ្នែកវិស្វកម្ម បានទៅលើក្រុមនិស្សិតមកពីវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI), ជយលាភីផ្នែកគំនិត និងជយលាភីផ្នែករចនា បានទៅលើក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC), ជយលាភីផ្នែកប្រជាប្រិយភាព បានទៅលើក្រុមនិស្សិតមកពីវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងជយលាភីពានរង្វាន់តូយ៉ូតា បានទៅលើក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្រុមនិស្សិតជយលាភីលេខ១ ទទួលបានថវិកាលើកទឹកចិត្ត ៦លានរៀល, ជយលាភីលេខ២ ទទួលបាន ៣លានរៀល, ជយលាភីផ្នែកវិស្វកម្ម ទទួលបានថវិកា ៨សែនរៀល,
ជយលាភីផ្នែគំនិត ទទួលបានថវិកា ៨សែនរៀល, ជយលាភីផ្នែករចនា ទទួលបានថវិកា ៨សែនរៀល, ជយលាភីផ្នែកប្រជាប្រិយភាព ទទួលបានថវិកា ៨សែនរៀល និងជយលាភីពានរង្វាន់តូយ៉ូតា ទទួលបានថវិកា ១លាន ២សែនរៀល។

លោក ប៉ាង ចំណាន មន្រ្តីទូរទស្សន៍ជាតិកម្ពុជា និងជាមន្រ្តីរៀបចំការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ បានឱ្យ Fresh News បានឱ្យដឹងថា ក្រុមនិស្សិតដែលទទួលបានជយលាភីលេខ១ ពួកគេនឹងបន្តទៅចូលរួមការប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon 2019 ដែលនឹងរៀបចំឡើងនៅប្រទេសម៉ុងហ្គោលី នាចុងខែសីហា ឆ្នាំ២០១៩នេះ។

លោក ប៉ាង ចំណាន ក៏បានឱ្យដឹងផងដែរថា ការប្រកួតរ៉ូបូតថ្នាក់ជាតិរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់និស្សិតក្នុងការបញ្ចេញសមត្ថភាពលើការយកទ្រឹស្តីដែលខ្លួនកំពុងរៀននៅសាលាមកអនុវត្តន៍ជាក់ស្តែង ដើម្បីសម្រួចសមត្ថភាព និងបង្កើតធនធានមនុសុ្សលើវិស័យរ៉ូបូត ដែលអាចត្រូវការយ៉ាងសំខាន់លើវិស័យផ្សេងៗនៅកម្ពុជានៅថ្ងៃអនាគត៕