(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានដាស់តឿនដល់ជនរងគ្រោះដោយគ្រឿងញៀននៅមជ្ឈមណ្ឌលឱកាសខ្ញុំ ឲ្យប្តេជ្ញាចិត្តរស់នៅជាមួយគ្រួសារ និងរស់នៅក្នុងសង្គមឲ្យបានល្អលើងវិញ ហើយចាប់យកមុខរបរប្រកបអាជីវកម្ម ក៏ដូចជាការរៀនសូត្រឲ្យបានល្អប្រសើរឡើងវិញ។
ការដាស់តឿនយ៉ាងដូច្នេះ ត្រូវបានលើកឡើងក្នុងឱកាសលោករួមជាមួយមន្ត្រី ចុះសួរសុខទុក្ខសំណេះសំណាល និង ពិនិត្យ ស្ថានភាព រស់នៅ ជាក់ស្ដែង របស់ ជនរងគ្រោះដោយគ្រឿងញៀន ដែល ត្រូវបានបញ្ជូនមក ព្យាបាលបន្សាប គ្រឿង ញៀន នៅ មជ្ឈមណ្ឌល ឱកាសខ្ញុំ ស្ថិតនៅក្នុងសង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។
លោក ឃួង ស្រេង បានថ្លែងទៀតថា ប្អូនៗត្រូវចាំថាយើងទាំងអស់គ្នានេះ ជួយប្អូនៗបានតែមួយរយៈទេ ពេលណាមួយនោះទេ តែប្អូនៗខ្លួនឯងដាច់ខាតត្រូវជួយខ្លួនឯងនោះ។ ដូច្នេះចូរប្អូនៗប្តេជ្ញាចិត្តកសាងខ្លួន និងអំពើល្អ ដូចពុទ្ធដីកាថា «គ្មានអ្នកជួយខ្លួនឯង ជាងខ្លួនឯងនោះទេ»។
លោកអភិបាលរាជធានីបន្តថា «រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនចង់យកប្អូនៗមកកន្លែងហ្នឹងទេ ក្នុងករណីប្អូនមិនពាក់ព័ន្ឋគ្រឿងញៀន តើយកប្អូនៗមកធ្វើអី តែប្អូនមានញៀននៅក្នុងខ្លួន ត្រូវតែយកប្អូនមកបន្សាប ព្រោះប្អូនជាយុវជន ជាទំពាំងស្នងប្ញស្សី ជាអនាគតសសរទ្រូងរបស់ប្រទេសជាតិ អីចឹងត្រូវតែធ្វើយ៉ាងណាប្អូនៗមានយុវនិតិសម្បទាពេញលេញ ដើម្បីកសាងប្រទេសជាតិទៅថ្ងៃអនាគត»។
គ្រឿងញៀនបំផ្លាញខ្លួនប្អូនៗ គ្រឿងញៀនបំផ្លាញគ្រួសារប្អូន គ្រឿងញៀនបំផ្លាញសង្គមជាតិរបស់ប្អូនៗ គ្រឿងញៀនបំផ្លាញមិត្តភ័ក្ររបស់ប្អូនៗ សូមប្អូនចៀសឆ្ងាយពីគ្រឿងញៀន ។
ជាមួយគ្នានេះ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងជាប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ បានឲ្យដឹងថា ជនរងគ្រោះដោយសារគ្រឿងញៀន កំពុងធ្វើការបន្សាបនៅក្នុងមណ្ឌលសុខភាពឱកាសខ្ញុំ មានចំនួនតិចតួច ដោយកន្លងមកបានធ្វើសមាហរណកម្មវិលត្រឡប់ទៅសហគមន៍វិញ៕