(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍ប្រតិភូសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុនដឹកនាំដោយលោកសាស្ត្រាចារ្យ ហ៊ីរ៉ាយ៉ាម៉ា សិងគិជិ ប្រធានគណៈកម្មការបច្ចេកទេសគម្រោងជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ចូលជួបសម្តែងការគួរសមនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
ជំនួបនេះធ្វើឡើងនារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការយូរឆ្នាំ ដែលសាកលវិទ្យាល័យសូហ្វីយ៉ា និងអាជ្ញាធរជាតិអប្សរាបានបំពេញរួមគ្នា នាពេលកន្លងមក។
លោកសាស្ត្រាចារ្យ ហ៊ីរ៉ាយ៉ាម៉ា សិងគិជិ បានលើកឡើងថា ប្រាសាទក្នុងរមណីយដ្ឋានអង្គរមានអាយុកាលជាងមួយពាន់ឆ្នាំ ហើយតាមរយៈកិច្ចសហការក្នុងការអភិរក្សនិងការជួសជុលកន្លងមក ប្រាង្គប្រាសាទទាំងនេះនឹងនៅតែរឹងនាំបានរាប់ពាន់ឆ្នាំទៅមុខទៀត។
ក្នុងគម្រោងអភិរក្សជួសជុលស្ពានហាលប្រាសាទអង្គរវត្ត លោកសាស្ត្រាចារ្យ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះអ្នកជំនាញខ្មែរ ដែលបំពេញការងារបានយ៉ាងល្អ និងបានបង្កើនសមត្ថភាពជំនាញដ៏រឹងមាំក្នុងពេលអនុវត្តគម្រោង។
លោក ហង់ ពៅ បានលើកឡើងថា សាកលវិទ្យាល័យសូហ្វីយ៉ាបានជួយ និងគាំទ្រគម្រោងការជួសជុលអភិរក្សប្រាង្គប្រាសាទ ការស្រាវជ្រាវ ការបណ្តុះបណ្តាលធនធានមនុស្សដល់អ្នកជំនាញខ្មែរ។
សមិទ្ធផលកន្លងមកទាំងការអភិរក្សជួលជុលប្រាង្គប្រាសាទនៅរមណីយដ្ឋានអង្គរ និងការបណ្តុះបណ្តាលធនធានមនុស្ស ពិតជាមិនអាចផ្តាច់ចេញពីកិច្ចសហការយ៉ាងល្អប្រសើរពីសាកលវិទ្យាល័យសូហ្វីយ៉ាបានឡើយ។
លោកក៏បានកោតសរសើរចំពោះទឹកចិត្ត ក្តីស្រឡាញ់ និងការលះបង់របស់សាស្ត្រាចារ្យជំនាញជាន់ខ្ពស់គ្រប់ផ្នែកទាំងអស់រនៃសាកលវិទ្យាល័យសូហ្វីយ៉ា មិនថាមានវ័យចំណាស់ណាស់ទៅហើយ មិនថាអាកាសធាតុក្តៅយ៉ាងណា ក៏នៅតែមកបំពេញភារកិច្ចយ៉ាងទៀងទាត់រាល់និងខ្ជាប់ខ្ជួននៅរមណីយដ្ឋានអង្គរ៕