(ថៃ)៖ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ រួមជាមួយលោកឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនធនាគារស្រូវ និងសហការី នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបប្រជុំជាមួយលោកស្រី Vorarat អគ្គនាយកក្រុមហ៊ុនជី YVP និងជាប្រធានសមាគមន៍ជីប្រចាំប្រទេសថៃ។
គោលបំណង នៃកិច្ចពិភាក្សានេះដើម្បីស្តាប់បទបង្ហាញស្តីពីសកម្មភាព ការផ្គត់ផ្គង់វត្ថុធាតុដើម និងភាពជោគជ័យនៃដំណើរការទីផ្សាររបស់ ក្រុមហ៊ុនជី YVP និងពិភាក្សាលើគម្រោងស្នើសុំអ្នកបច្ចេកទេសផ្នែកជី ដើម្បីបណ្តុះបណ្តាលដល់សហគមន៍កសិកម្មនៅកម្ពុជា។
តាមរយៈបទបង្ហាញរបស់តំណាងក្រុមហ៊ុន YVP បានឲ្យដឹងថា ក្រុមហ៊ុននេះបានបង្កើតឡើង រយៈពេលជាង៣០ឆ្នាំមកហើយ ក្នុងនោះផលិតផលចម្បង គឺជីសម្រាប់ផ្គត់ផ្គង់ក្នុងវិស័យកសិកម្ម មានស្រូវ បន្លែ ផ្លែឈើគ្រប់ប្រភេទ ដោយក្រុនហ៊ុននាំយកវត្ថុធាតុដើមល្អបំផុត មកពីក្រៅប្រទេសដើម្បីផលិតជី។ ហេតុនេះ ហើយបានជីរបស់ក្រុមហ៊ុន YVP មានគុណភាពល្អ និងទទួលស្គាល់ពីប្រជាកសិករ និងសហគមន៍កសិកម្មក្នុងប្រទេសថៃ និងនៅក្រៅប្រទេស។
ដោយមើលឃើញថា ក្រុមហ៊ុន YVP ជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្អ ក្នុងវិស័យផលិតជី លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ រួមជាមួយលោកឧកញ៉ា ភូ ពុយ បានស្នើសុំឲ្យក្រុមហ៊ុនបញ្ជូនក្រុមបច្ចេកទេស ដែលមានជំនាញលើផ្នែកជី ទៅជួយបណ្តុះបណ្តាលដល់ប្រជាកសិករ និងសហគមន៍កសិកម្មក្នុងតំបន់ ខេត្តបាត់ដំបង ផងដែរ។
ជាការឆ្លើយតបខាងភាគីក្រុមហ៊ុន YVP រីករាយស្វាគមន៍ និងយល់ព្រមជួយផ្តល់អ្នកបច្ចេកទេស ដើម្បីជួយបណ្តុះបណ្តាល នៅពេលណាដែលភាគីខាងកម្ពុជា ស្នើសុំមក។
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សារួចមក លោក កៅ ថាច និងក្រុមការងារបានបន្តចុះទស្សនកិច្ចសិក្សា មើលខ្សែច្រវ៉ាក់ផលិតកម្មជីរបស់ក្រុមហ៊ុនជី YVP នៅស្រុកថារឿ ខេត្តអាយុធ្យា៕