(បន្ទាយមានជ័យ)៖ «នេះជាលើកចុងក្រោយហើយ ប្រសិនជាអាជីវករ ដែលលក់ដូរនៅតាមមាត់អូរព្រំដែនកម្ពុជា-ថៃ ច្រកទ្វារប៉ោយប៉ែត នៅតែបោះសំរាមចូលអូរបន្តទៀត នឹងចាត់ការតាមច្បាប់ជាធរមាន ខណៈលើកនេះគ្រាន់តែផ្តិតមេដៃកិច្ចសន្យាសិន»។ នេះជាការលើកឡើងរបស់លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែតថ្មី ដែលទើបតែឡើងកាន់តំណែង។
នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ លោក គាត ហ៊ុល និងលោក ខឹម ចិត្រា ប្រធានប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារប៉ោយប៉ែត នគរបាលការពារព្រំដែន៩១១-៨១៥ កម្លាំងអាវុធហត្ថក្រុងនគរបាលក្រុង កម្លាំងយោធា ប្រជាការភូមិ ក្រុមយុវជន ប្រមាណជា១៥០នាក់ បានចុះប្រមូល រើសបាញ់ទឹកសម្អាតនៅចំណុចខាងក្រោមស្ពានរថភ្លើងមិត្តភាពកម្ពុជា ថៃ។
លោក គាត ហ៊ុល អភិបាល បានប្រាប់ថា នេះមិនមែនជាលើកទីមួយឡើយ សម្រាប់រដ្ឋបាលក្រុងប៉ោយប៉េត ដែលតែងតែអនុវត្តន៍ការងារបរិស្ថាន សម្អាត លាងសម្អាតជាញឹកញាប់ និងបានផ្សព្វផ្សាយជាបន្តបន្ទាប់។ លោកបន្តថា អាជីវករណាម្នាក់ ហ៊ានបោះសំរាមចូលអូរព្រំដែនកម្ពុជា-ថៃទៀត ប្រសិនជាអាជ្ញាធរ ឬសមត្ថកិច្ចប្រទះឃើញសកម្មភាពបោះចូល នឹងត្រូវឃាត់ខ្លួនតែម្តង និងដោះស្រាយគ្នាតាមនីតិវិធី ឬផាកពិន័យជាទឹកប្រាក់ជាកំហិត។
លោកអភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា «ការសម្អាតបរិស្ថានជុំវិញខ្លួនយើងជាភាពចាំបាច់ ប្រសិនបើផ្ទះរបស់យើងស្អាត ភូមិរបស់យើងស្អាត ទីធ្លាសាធារណៈគ្មានសំរាម គ្មានថង់ប្លាស្ទិក នោះមានន័យថា យើងបានចូលរួមកសាងតម្លៃដល់ជាតិលើកស្ទួយកិត្យានុភាព និងកិត្តិយសសម្រាប់ជាតិខ្មែរ ដើម្បីសុខុមាលភាពរបស់យើងទាំងអស់គ្នា ព្រោះបរិស្ថានជាបញ្ហារបស់យើងទាំងអស់គ្នា ដូច្នេះយើងត្រូវរួមគ្នា ដើម្បីបរិស្ថាន»៕