(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយក្រុងសិរីសោភ័ណ, លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ កងកម្លាំងនាំយកសង្ក័សី អំណោឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ ចំនួន ៣១១សន្លឹក និងថវិកាជូនដល់ពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ទាំង ៤៧ខ្នង ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលបានទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។
លោក អ៊ុ រាត្រី បានលើកឡើងថា រាជដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យប្រទេសមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ លើគ្រប់វិស័យ ព្រមទាំងបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដាច់ពោះស្លាប់ដោយមិនបានដឹងឡើយ និងមិនបានដោះស្រាយនោះឡើយ។
អភិបាលរងខេត្តបានបន្តថា ជាក់ស្តែងការចុះសួរសុខទុក្ខ និងការចែកអំណោយឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សង្គ្រោះបន្ទាន់ដល់បងប្អូនរងគ្រោះ នៅពេលនេះ គឺជាការផ្តល់កម្លាំងចិត្ត និងចូលរួមចំណែកដោះស្រាយនូវការលំបាករបស់បងប្អូនបានមួយកម្រិត បើទោះបីជាអំណោយទាំងនេះ មិនបានបំពេញតាមតម្រូវការរបស់បងប្អូនក៏ពិតមែន ក៏អាចដោះស្រាយ បានមួយកម្រិតផងដែរ។ ដូច្នេះបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែង ប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលការងារកសិកម្ម ក្នុងការលើកកម្ពស់ជីវភាពគ្រួសារឱ្យបានធូធា។
នៅក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្តបានផ្តាំដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំ ជាមួយខ្យល់ និងផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីឱ្យក្រុមការងារចុះជួយដល់បងប្អូន បានឆាប់រហ័ស និងទាន់ពេលវេលា៕